Img 1426
Swift cc time

ចិនផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសិក្សា “ថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវ” នៅប្រទេសចិន

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/


ភ្នំពេញ៖ គណកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន ផ្តល់អាហារូបករណ៍ឱ្យនិស្សិតដើម្បីបន្តការសិក្សា បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវ (រយៈពេល ៤-៥ខែ) នៅសាកលវិទ្យាល័យចំនួន៨ នៅសាធារណៈរដ្ឋប្រជាមានិតចិនក្នុងឆ្នាំសិក្សា ២០២៦-២០២៧។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ លក្ខខណ្ឌទូទៅនៃការដាក់ពាក្យអាហារូបករណ៍នេះមានដូចជា មានសញ្ជាតិខ្មែរ មានចំណេះដឹងភាសាអង់គ្លេស(IELTS 6.0/TOEFL 80) និងមានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា។ បន្ថែមពីលើនេះ បេក្ខជនត្រូវមានបទពិសោធន៍ការងារយ៉ាងតិច ១ឆ្នាំ ជាពិសេសការងារទាក់ទងនឹងកិច្ចការអាស៊ាន ឬ China-ASEAN និងមិនមែនជានិស្សិតអាហារូបករណ៍រដ្ឋាភិបាលចិនក្នុងពេលថ្មីៗនេះឡើយ។មួយវិញទៀតសម្រាប់ថ្នាក់បណ្ឌិត បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងមានអាយុក្រោម៤៥ឆ្នាំ។ រីឯថ្នាក់អនុបណ្ឌិតវិញ បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ និងមានអាយុក្រោម៤៥ឆ្នាំ។ចំពោះថ្នាក់ស្រាវជ្រាវរយៈពេលខ្លីវិញ បេក្ខជនត្រូវមានសញ្ញាបត្រចាប់ពីថ្នាក់បរិញ្ញាបត្រឡើងទៅ។លើសពីនេះសាកលវិទ្យាល័យនីមួយ ក៏មានលក្ខខណ្ឌជ្រើសរើសបេក្ខជនដោយផ្អែកទៅលើលក្ខណៈសម្បត្តិផងដែរ។

បើតាមប្រភពដដែល សម្រាប់ឯកសារដាក់ពាក្យ បេក្ខជនអាចចូលទៅកាន់ តំណរភ្ជាប់ ហើយចុចយកពាក្យ “Scholarship Application for Students” ដើម្បីបំពេញពាក្យស្នើសុំអាហារូបករណ៍និងបំពេញពាក្យ រួចចម្លងជា Hard Copy និងភ្ជាប់ជាមួយឯកសារដែលត្រូវការ ហើយយកពាក្យទៅដាក់នៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា ឱ្យបានត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ទន្ទឹមនឹងនេះបេក្ខជនក៏អាចចូលទៅកាន់ គេហទំព័រ ដើម្បីស្វែងរកមុខជំនាញទៅតាមសាកលវិទ្យាល័យនីមួយៗបានផងដែរ។

គួរបញ្ជាក់ផងដែរថា អាហារូបករណ៍នេះនឹងគ្រប់ដណ្តប់លើថ្លៃធ្វើដំណើរទៅមក ការហូបចុក ថ្លៃសិក្សា និងការស្នាក់នៅផងដែរ។ ជាចុងក្រោយក្រសួងអប់រំ នឹងជ្រើសរើសបេក្ខជនថ្នាក់បណ្ឌិត ០៥នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ០៥នាក់ និងថ្នាក់ស្រាវជ្រាវ២ នាក់ បញ្ជូនទៅ The Joint Committee of ACYLS នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ីដើម្បីធ្វើសេចក្តីសម្រេចចុងក្រោយ៕

Khcct banner

អត្ថបទទាក់ទង