ឡាវ៖ រដ្ឋមន្ត្រីការបរទេសឡាវ លោក ថុងសាវ៉ាន់ ផុមវិហាន នៅថ្ងៃ១៩ មករា បានលើកឡើងថា ទំនាក់ទំនងរវាងឡាវ និងវៀតណាម នឹងកាន់តែរឹងមាំ បន្តបន្ទាប់ សម្រាប់ជំនាន់មេដឹកនាំ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ក្រោយសមិទ្ធផលមហាសន្និបាតបក្សកម្មុយនីសវៀតណាម។ លោកសង្ឃឹមយ៉ាងមុតមាំថា ដំណើរការមហាសន្និបាត លើកទី១៤ របស់គណបក្សកុម្មុយនីស្តវៀតណាម (CPV) ដែលកំពុងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ ដល់ ២៥ មករា ឆ្នាំ២០២៦ គឺជារបត់សំខាន់ ក្នុងការកំណត់ទិសដៅឱ្យប្រទេសវៀតណាម អភិវឌ្ឍក្លាយជាប្រទេសកាន់តែជឿនលឿន និងប្រកបដោយចីរភាព។ លោកសង្ឃឹមថា មិត្តភាពដ៏អស្ចារ្យរវាងប្រទេសទាំងពីរ នឹងនាំមកនូវភាពរីកចម្រើនលើគ្រប់វិស័យរបស់ជាតិនីមួយៗ និងបង្កើនការអភិវឌ្ឍរួមរបស់ទាំងពីរបន្ថែមទៀត។
តាមការស្រង់សម្ដីលោក ថុង សាវ៉ាន់ ប្រាប់ កាសែត Vietnam News មានការផ្លាស់ប្តូរទស្សនកិច្ចជាង ៤០០ ដង ក្នុងឆ្នាំ២០២៥ រវាងប្រទេសវៀតណាម និងឡាវ បង្ហាញពីទំនុកចិត្ត និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងទាំងពីរ។
លោកបានគូសបញ្ជាក់ថា សមិទ្ធិផលដែលគួរជាទីមោទនៈនោះគឺ ការលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ ទៅជាមិត្តភាពដ៏អស្ចារ្យ សាមគ្គីពិសេស កិច្ចសហការគ្រប់ជ្រុងជ្រោយ និងការចងក្រងយុទ្ធសាស្ត្រ ត្រូវបានសម្រេចបាន ក្នុងដំណើរទស្សនកិច្ចរដ្ឋ ក្រោមអធិបតី លោក តូ ឡាំ ដែលជា អគ្គលេខាធិការបក្សកម្មុយនីសវៀតណាម ក្នុងឆ្នាំ២០២៤។
កិច្ចសហការដ៏ល្អនេះ បានបង្ហាញជាក់ស្តែងក្នុងគោលនយោបាយ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗ ដូចជា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងដឹកជញ្ជូនជាដើម។ វិស័យការពារជាតិ និងសន្តិសុខ ក៏ត្រូវបានកំណត់ជាសសរចម្បងក្នុងការពង្រឹងទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរផងដែរ។
លោកថុងសាវ៉ាន់ បានបន្ថែមថា ទំនាក់ទំនងឡាវ–វៀតណាម មិនត្រឹមតែជាមូលដ្ឋានសម្រាប់អភិវឌ្ឍន៍រយៈពេលវែងទេ ប៉ុន្តែថែមទាំងជួយបង្កើនសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។ ខណៈវៀតណាមកំពុងផ្តោតលើកំណើនសេដ្ឋកិច្ចពីរខ្ទង់ ឡាវក៏មានគោលដៅកំណើនយ៉ាងហោចណាស់ហោច ៦ភាគរយ។