ចិន៖ប្រទេសចិនកំពុងបង្កើនការប្រើប្រាស់«រ៉ូបូតមនុស្សយន្ត»យ៉ាងឆាប់រហ័ស ទៅក្នុងវិស័យជាច្រើន និង បានបង្កើនការប្រើប្រាស់ក្នុងវិស័យសុខាភិបាល ដើម្បីជំរុញកំណើនឧស្សាហកម្ម និងផលិតកម្មបច្ចេកវិទ្យាខ្ពស់ ។ តាមកាសែតចិន CCTV ហាងលក់ Robot 4S ដំបូងក្នុងទីក្រុងប៉េកាំង មាន«រ៉ូបូតមនុស្សយន្ត» ជាង ៣៥ ម៉ូដែល កំពុងដាក់លក់ ដោយបង្ហាញសមត្ថភាពពិសេស ដែលអាចធ្វើការងារដូចជា ឱសថស្ថាន ពិតប្រាកដ និង បំពេញមុខងារ នៅក្នុងខ្សែចង្វាក់ផលិតកម្មឧស្សាហកម្ម។ ក្រៅពីដំណើរការក្នុងផលិតកម្ម រ៉ូបូតក៏ត្រូវបានប្រើប្រាស់ក្នុងការត្រួតពិនិត្យថាមពល ការឆ្លើយតបបន្ទាន់ និងសេវាកម្មពាណិជ្ជកម្ម។
ជាក់ស្ដែង «រ៉ូបូតមនុស្សយន្ត» បានជួយសម្រួលការងារកម្មករយ៉ាងច្រើន នៅក្នុងរោងចក្រផលិតបញ្ញាសិប្បនិមិត្ត SANY Heavy Energy ក្នុងទីក្រុងប៉េកាំង ដើម្បីអនុវត្តភារកិច្ចជំនួសមនុស្ស ចំពោះការងារដែលមានភាពធ្ងន់ និងត្រូវធ្វើច្រើនដង។ រ៉ូបូតមនុស្សយន្ត អាចប្រើបច្ចេកវិទ្យាចាប់សញ្ញាដើម្បីកំណត់វិធីសាស្ត្រដែលមានប្រសិទ្ធភាព និងអាចធ្វើការងារជាមួយកម្រិតត្រឹមត្រូវ ៣–៥ មីលីម៉ែត្រ។
តាមការវាយតម្លៃ របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ឧស្សាហកម្មព័ត៌មានវិទ្យាចិន (CCID) «រ៉ូបូតមនុស្សយន្ត» នៅទូទាំងពិភពលោកបានឈានដល់ចំនួនសរុបប្រហែល ១៥,០០០ គ្រឿង ក្នុងឆ្នាំ២០២៥ ហើយចិនបានផ្គត់ផ្គង់ប្រហែល ១០,០០០ គ្រឿង ដែលជាចំនួនយ៉ាងច្រើន។ ផលិតកម្មបច្ចេកវិទ្យាខ្ពស់ចិន មានតម្លៃបន្ថែម ១៧.១ ភាគរយ នៃផលិតកម្មឧស្សាហកម្មសរុប ខណៈការផលិតរ៉ូបូត កើនឡើង ២៨ ភាគរយ បង្ហាញពីសក្តានុពលឧស្សាហកម្មបច្ចេកវិទ្យាថ្មី។
ជាមួយសមត្ថភាពខ្លាំងក្នុងវិស័យបច្ចេកវិទ្យានេះ ចិនរំពឺងទុកថានឹងទទួលបានភាពរីកចម្រើនប្រចាំឆ្នាំជាមធ្យម ដល់៩៥% ក្នុងរយៈពេល៥ឆ្នាំខាងមុខ។
ការគាំទ្រនយោបាយ AI + Manufacturing របស់ចិន ក៏កំពុងជំរុញឱ្យមានការផលិត និងប្រើប្រាស់«រ៉ូបូតមនុស្សយន្ត»ក្នុងឧស្សាហកម្មកាន់តែទូលំទូលាយ ។