Img 1426
Swift cc time

ក្រសួងអប់រំ បើកកិច្ចប្រជុំដើម្បីកែលម្អយន្តការ ឆ្លើយតបនឹងវឌ្ឍនភាពនៃគុណភាពអប់រំឧត្តមសិក្សា

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ ក្រសួងអប់រំ នាថ្ងៃរសៀលទី១៩ ខែមករា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យផ្លាស់ប្តូរយោបល់ និងប្រមូលធាតុចូល ពីសំណាកថ្នាក់ដឹកនាំរបស់ក្រសួងអប់រំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទដែលចូលរួម ដើម្បីឆ្លើយតបនឹងរបាយការណ៍វឌ្ឍនភាពនៃគុណភាពអប់រំឧត្តមសិក្សា យន្តការត្រួតពិនិត្យ និងវាយតម្លៃគុណភាពនៃការស្រាវជ្រាវ និងការសរសេរនិក្ខេបបទសម្រាប់ថ្នាក់បណ្ឌិត។

បើតាមក្រសួងអប់រំ បានបញ្ជាក់ថាដើម្បីបង្កើនប្រសិទ្ធភាពការងារ លោករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានផ្តល់អនុសាស៍ចំនួន ៦ចំណុចដើម្បីឱ្យក្រុមការងារជំនាញដើម្បីអនុវត្តការងារបន្ត។ ទី១ រៀបចំរបាយការណ៍វិភាគគុណភាពឧត្តមសិក្សា និងរបាយការណ៍សមិទ្ធផលនៃការកែលម្អឧត្តមសិក្សាកន្លងមក។ ទី២ វាយតម្លៃយន្តការនៃការគ្រប់គ្រងឧត្តមសិក្សា ដោយពិនិត្យនិងរៀនសូត្រពីឧត្តមានុវត្តន៍របស់ប្រព័ន្ធអប់រំប្រទេសនានាដែលមានការទទួលស្គាល់គុណភាព។ ទី៣ ពិនិត្យនិងពង្រឹងការបណ្ដុះបណ្ដាលនិស្សិតថ្នាក់បណ្ឌិត ជាពិសេសវិធីសាស្ត្រស្រាវជ្រាវ។ទី៤ រៀបចំចងក្រងជាវិធីសាស្ត្រស្រាវជ្រាវ សេចក្តីណែនាំ ទម្រង់ការសរសេរនិក្ខេបបទ និងកំណត់ស្តង់ដានៃការស្រាវជ្រាវសម្រាប់ថ្នាក់បណ្ឌិត។ ទី៥ បន្តវិភាគ និងការពង្រឹងប្រព័ន្ធអាហារូបករណ៍ ពិនិត្យវាយតម្លៃជាប្រចាំនូវកម្មវិធីសិក្សា ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការអនុវត្តកំណែទម្រង់ឧត្តមសិក្សា តាមរយៈការសហការឱ្យល្អប្រសើរជាមួយភាគីពាក់ព័ន្ធទាំងអស់។ ជាចុងក្រោយ កម្រិតជំនាញត្រូវបន្តវាយតម្លៃពីបញ្ហាប្រឈមនានា និងមានការសិក្សាឱ្យស៊ីលើយន្តការគ្រប់គ្រងឧត្តមសិក្សា ដើម្បីលើកទឹកចិត្តដល់ការពង្រឹងគុណភាព ការបន្តកែលម្អ សំដៅជំរុញឱ្យមានការទទួលស្គាល់គុណភាពការអប់រំឧត្តមសិក្សានៅកម្ពុជាកាន់តែទូលំទូលាយ។

គួរបញ្ជាក់ថា កន្លងមកក្រសួងអប់រំ បានបន្តអនុវត្តកំណែទម្រង់ឧត្តមសិក្សាស្របទៅតាម មុំទី១ ដែលផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស និងមុំទី៥ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដោយផ្តោតលើ ការបង្កើតមជ្ឈមណ្ឌលឧត្ដមភាព ការពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ទំនើបកម្មកម្មវិធីសិក្សា និងការលើកកម្ពស់ប្រសិទ្ធភាពនៃការបង្រៀន និងរៀន ការពង្រឹងការសិក្សាស្របតាមលក្ខណៈអន្តរជាតិ ការពង្រឹងប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវក្នុងការអប់រំឧត្ដមសិក្សា និងការបង្កើនចំនួនសិស្សចូលរៀន នៃយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧៕


Khcct banner

អត្ថបទទាក់ទង