ភ្នំពេញ៖ កម្មវិធីថ្នាក់ជាតិស្តីពី "ប័ណ្ណជំនាញ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ" បានដាក់សម្ពោធជាផ្លូវការក្រោមប្រធានបទ "បង្កើនជំនាញ បង្កើនឱកាស និងបង្កើនចំណូល"។ កម្មវិធីប័ណ្ណជំនាញ មានគោលបំណងក្នុងការផ្តល់ឱកាសដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពលរដ្ឋដែលត្រឡប់ពីក្រៅប្រទេស អាចចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់សំខាន់ៗ ដែលស្របតាមតម្រូវការទីផ្សារការងារ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនការប្រកួតប្រជែងក្នុងវិស័យការងារ និងអាជីវកម្ម។
ក្នុងកម្មវិធីសម្ភោធ លោក ផាន់ ផល្លា ប្រធានក្រុមប្រឹក្សាភិបាលបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ជំនាញ បានបញ្ជាក់ថា ប័ណ្ណជំនាញមួយមានតម្លៃ ៦០០,០០០ រៀល ឬស្មើនឹង ១៥០ ដុល្លារអាមេរិក នឹងផ្តល់ជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះក្នុងប្រព័ន្ធថ្នាលឌីជីថល Cam-IE ដើម្បីប្រើប្រាស់សម្រាប់ការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលដែលត្រូវបានវាយតម្លៃ និងជ្រើសរើសរួចជាស្រេចពីមូលនិធិអភិវឌ្ឍន៍ជំនាញ នឹងធានាបាននូវភាពពាក់ព័ន្ធ គុណភាព និងតម្លៃនៃលុយ។
ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បានលើកឡើងថា ក្នុងបរិបទសង្គមសេដ្ឋកិច្ចបច្ចុប្បន្ន វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាសសរទ្រូងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ ដែលបានបង្កើតការងារជាង ៨៥% នៃការងារសរុបសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ហើយកម្មវិធីថ្នាក់ជាតិថ្មីនេះនឹងជួយពង្រឹងសមត្ថភាព ចំណេះជំនាញ និងផលិតភាពរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីមានភាពរីកចម្រើន ភាពធន់ និងរឹងមាំ ស្របតាម យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨៕