ភ្នំពេញ៖ គម្រោង KIMITABI ប្រកាសជ្រើសរើសនិស្សិតខ្មែរឱ្យចូលរួមបង្កើតគម្រោងជួយដល់កុមារនៅក្នុងតំបន់អនាធិបតេយ្យជាមួយនិស្សិតជប៉ុន រយៈពេល២ សប្តាហ៍ នៅក្នុងឆ្នាំ២០២៦។
យោងតាមគេហទំព័រផ្លូវការរបស់គម្រោង KIMITABI ដើម្បីដាក់ពាក្យចូលរួមកម្មវិធីបេក្ខជនត្រូវតែអាចប្រើប្រាស់ភាសាអង់គ្លេស និងមានពេលវេលាគ្រប់គ្រាន់ក្នុងអំឡុងពេលបង្កើតគម្រោងពីថ្ងៃចន្ទ ដល់ថ្ងសុក្រ និងគោរពពេលវេលា។ មួយវិញទៀត គម្រោងនេះនឹងធ្វើឡើងចំនួន ៤វគ្គផ្សេងៗគ្នា ហើយគម្រោងនីមួយៗមានរយៈពេល ២សប្តាហ៍។ បើសិនជាបេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមតំណរភ្ជាប់៖ [KimiTABI] Volunteer Program Application ។
បើយោងតាមប្រភពដដែល តាមរយៈកម្មវិធីនេះបេក្ខជនអាចសិក្សាពីទិដ្ឋភាព និងបញ្ហាសង្គមផ្សេងៗនៅតាមតំបន់គោលដៅ ជាពិសេសតំបន់អានាធិបតេយ្យ។នៅតាមកម្មវិធីសិក្សានីមួយៗ បេក្ខជនមានឱកាសបង្កើតទំនាក់ទំនងជាមួយនិស្សិតជប៉ុន និងខ្មែរ តាមរយៈការស្វែងយល់ពីបញ្ហាដែលកំពុងកើតឡើងនិងការរកដំណោះស្រាយតាមរយៈការបង្កើតគម្រោង។ ជាចុងក្រោយ ក្រុមនីមួយៗនឹងទទួលបានជំនួយសម្រាប់អនុវត្តគម្រោងរបស់ខ្លួនដោយផ្ទាល់ជាមួយមិត្តរួមក្រុមនៅតំបន់គោលដៅ។
គួរបញ្ជាក់ផងដែរថា គម្រោងនេះនឹងគាំទ្រទៅលើថ្លៃធ្វើដំណើរទៅកាន់តំបន់គៅលដៅ ហើយនឹងបិទទទួលពាក្យនៅពេលដែលទទួលបានបេក្ខជនគ្រប់ចំនួន។ សិស្សវិទ្យាល័យក៏អាចចូលរួមបានផងដែរ។ មួយវិញទៀត សិស្សវិទ្យាល័យ និងអ្នកដែលមានកម្រិតភាសាអង់គ្លេសមធ្យម ក៏លើកទឹកចិត្តឱ្យចូលរួមផងដែរ ៕