681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងរៀបចំដែនដី បញ្ជូនមន្ត្រីចុះដោះស្រាយជាមួយពលរដ្ឋ ដើម្បីបើកដំណើរការគម្រោងសាងសង់«ចំណតផែកុងតឺន័រទឹកជ្រៅ»នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ ក្រសួងរៀបចំដែនដី បានចាត់មន្រ្តីចុះជួបដោះស្រាយជាមួយពលរដ្ឋដែលកំពុងកាន់កាប់សំណង់មិនរៀបរយ ក្នុងបរិវេណដីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីស្នើឲ្យពលរដ្ឋចូលរួមសហការជាមួយក្រសួងក្នុងការអនុវត្តតាមផែនការអភិវឌ្ឍន៍គម្រោងសាងសង់ចំណតផែកុងតីន័រទឹកជ្រៅថ្មី អាចដំណើរការទៅបានសម្រេចតាមផែនការដែលរាជរដ្ឋាភិបាលបានគ្រោងទុក។

បើតាមក្រសួងរៀបចំដែនដី បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំអភិវឌ្ឍន៍ និងសាងសង់ចំណតផែកុងតីន័រទឹកជ្រៅរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជា ៣ជំហាន គិតចាប់ពី ឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០ ដោយប្រើប្រាស់ថវិកាកម្ចីសម្បទានពីរដ្ឋាភិបាលជប៉ុន។ គម្រោងអភិវឌ្ឍន៍នេះ មានគោលបំណង ដើម្បីបង្កើនសមត្ថភាពផែកុងតីន័រដែលអនុញ្ញាតឱ្យនាវាដឹកកុងតីន័រមានចំណុះផ្ទុករហូតដល់ ១៦០.០០០DWT (១៥.០០០TEUs) ចេញ-ចូលដឹកជញ្ជូនពីកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅកាន់ពិភពលោកដោយផ្ទាល់ និងគ្មានឧបសគ្គជម្រៅទឹកទៀតឡើយ។

កន្លងមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់តាំងក្រុមការងារសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ចុះពិនិត្យ វាស់វែង និងកំណត់អត្តសញ្ញាណ បងប្អូនប្រជាពលរដ្ឋដែលបានកាន់កាប់ដីនិងផ្ទុះ ស្ថិតក្នុងតំបន់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតីន័រ រួចហើយ។

ទន្ទឹមនេះ ដើម្បីឱ្យផែនការអភិវឌ្ឍន៍គម្រោងសាងសង់ចំណតផែកុងតីន័រទឹកជ្រៅថ្មី អាចដំណើរការ ទៅបានសម្រេចតាមផែនការដែលបានគ្រោងទុក ក្រសួងរៀបចំដែនដី បានរៀបចំក្រុមការងារសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចុះពិនិត្យដោះស្រាយផលប៉ះពាល់នានាជាមួយបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីយកទីតាំងដីនេះធ្វើការអភិវឌ្ឍទៅតាមផែនការរបស់រាជរដ្ឋាភិបាល។

ក្នុងន័យនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធទាំងអស់មេត្តាជ្រាប និងចូលរួមសហការជាមួយក្រុមការងារខាងលើ ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ដើម្បីរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែមានការរីកចម្រើន៕

Khcct banner

អត្ថបទទាក់ទង