អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្រេចប្រកាសដាក់ពន្ធគយប្រមាណ ១០% លើសមាជិកអង្កការណាតូទាំង ៨ ប្រទេសរួមមាន ដាណឺម៉ាក, ន័រវេស, ស៊ុយអែត បារាំង, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ហូឡង់, និងហ្វាំងឡង់ ដែលពន្ធគយនេះនឹងបន្តកើនឡើងដល់ ២៥% នៅថ្ងៃទី ១ ខែមិថុនា ខាងមុខនេះប្រសិនបើហ្រ្គីនលែនមិនទាន់ត្រូវបានលក់ឱ្យសហរដ្ឋអាម៉េរិក។ ការសម្រេចចិត្តដាក់ពន្ធគយលើសមាជិកណាតូដូចគ្នារបស់លោកត្រាំធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីបណ្តាលប្រទេសខាងលើបាននាំគ្នាបញ្ជូនទ័ពទៅធ្វើសមយុទ្ធយោធា និងប្តេជ្ញាការពារហ្រ្គីនលែនពីការចង់បានរបស់សហរដ្ឋអាម៉េរិក។
យោងតាមសេចក្តីប្រកាសរបស់លោកតាមរយៈ TRUST SOCIAL លោកថានឹងដាក់ពន្ធថ្មី ១០% លើប្រទេសដាណឺម៉ាក និងប្រទេសចំនួន ៧ ផ្សេងទៀតនៅអឺរ៉ុប រហូតដល់កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់សម្រាប់ការទិញ ហ្រ្គីនលែន ទាំងស្រុង លោក ត្រាំ ព្រមានទៀតថាពន្ធនឹងកើនឡើងដល់ ២៥% ប្រសិនបើកិច្ចព្រមព្រៀងទិញកោះហ្រ្គីនលែនមិនត្រូវបានសម្រេចមុនថ្ងៃទី ១ ខែមិថុនា ខាងមុខនេះ។ លោកត្រាំបញ្ជាក់ថាពេលនេះចិន និងរុស្ស៊ីចង់បាន ហ្រ្គីនលែន ហើយប្រទេសដាណឺម៉ាកមិនអាចធ្វើអ្វីបាននោះទេ។ លោកបានបន្ថែមថាមានតែសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី Donald J. Trump ប៉ុណ្ណោះដែលអាចលេងក្នុងហ្គេមក្នុងការដណ្តើមយកកោះនេះបាន ហើយទទួលបានជោគជ័យយ៉ាងខ្លាំង។
លោកដូណាល់ត្រាំបានចាត់ទុកសមយុទ្ធសន្តិសុខរួមគ្នានៅជុំវិញកោះហ្រ្គីនលែន រវាងប្រទេសដាណឺម៉ាក និងសម្ព័ន្ធមិត្តអឺរ៉ុបផ្សេងទៀតកំពុងតែបង្កស្ថានភាពដ៏គ្រោះថ្នាក់បំផុតសម្រាប់សុវត្ថិភាព សន្តិសុខ និងការរស់រានមានជីវិតរបស់ភពផែនដីរបស់យើង។
ជាការឆ្លើយតបជាមួយពន្ធគយរបស់ត្រាំមេដឹកនាំមកពីប្រទេសដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហូឡង់ ន័រវែស ស៊ុយអែត និងចក្រភពអង់គ្លេស បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអាទិត្យថា ការគំរាមកំហែងពន្ធ «ធ្វើឱ្យខូចទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក និងប្រឈមនឹងការធ្លាក់ចុះដ៏គ្រោះថ្នាក់» បណ្តាលប្រទេសទាំង ៨ បានប្តេជ្ញាថា «យើងនឹងបន្តឈររួបរួមគ្នា និងសម្របសម្រួលក្នុងការឆ្លើយតបរបស់យើង និងប្តេជ្ញារក្សាអធិបតេយ្យភាពរបស់យើង»៕