681 ezgif.com resize
Swift cc time

ជំងឺផ្លូវចិត្តកំពុងគ្របដណ្ដប់សង្គមថៃ ខណៈកង្វះខាតពេទ្យចិត្តសាស្រ្តព្យាបាល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/


ថៃ៖របាយការណ៍ថ្មី ស្ដីពីសុខភាពពលរដ្ឋថៃឆ្នាំ២០២៥ ដែលធ្វើដោយមូលនិធិលើកកម្ពស់សុខភាពថៃ សហការជាមួយសាកលវិទ្យាល័យ Mahidol និងវិទ្យាស្ថានស្រាវជ្រាវប្រជាជន និងសង្គម បានបង្ហាញថា ពលរដ្ឋថៃ កំពុងប្រឈមមុខនឹងវិបត្តិសុខភាពផ្លូវចិត្តដ៏ធ្ងន់ធ្ងរ។

យោងតាមរបាយការណ៍បង្ហាញ ទិន្នន័យពលរដ្ឋថៃ ជាង ១៣.៤ លាននាក់ បានប្រឈមបញ្ហាសុខភាពផ្លូវចិត្ត ឬជំងឺផ្លូវចិត្ត។ អត្រាធ្វើអត្តឃាតបានកើនឡើង ជាពិសេសក្នុងក្រុមយុវជនអាយុ ១៥ ទៅ២៩ ឆ្នាំ ដោយបណ្តាលមកពីសម្ពាធការសិក្សា បណ្តាញសង្គម អំពើហិង្សាក្នុងគ្រួសារ និងការរំពឹងទុករបស់សង្គម។

ក្រុមមនុស្សអាយុ ពី៤៥ ទៅ៥៩ ត្រូវបានរកឃើញថា មានកម្រិតសុខភាពផ្លូវចិត្តទាបបំផុត។ ទោះបីមានមនុស្សមួយភាគបីនៃពលរដ្ឋថៃ មានចំណេះដឹងខ្ពស់អំពីសុខភាពផ្លូវចិត្ត ក៏ពួកគេនៅតែមានទស្សនៈអវិជ្ជមានចំពោះបញ្ហាផ្លូវចិត្ត ដូចជាការមើលឃើញ«អត្តឃាត»ជាសញ្ញានៃភាពខ្សោយជាដើម។

ប្រទេសថៃ កង្វះខាតវេជ្ជបណ្ឌិតផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយមានត្រឹមតែ ១.៣ នាក់ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់ ខណៈដែលមធ្យមភាគពិភពលោកមានដល់ ១៣ នាក់ ដែលជាសញ្ញាមិនល្អសម្រាប់ប្រទេសថៃ។ កង្វះខាតពេទ្យចិត្តសាស្រ្តនេះ បង្កជាការលំបាកជាច្រើនសម្រាប់ពលរដ្ឋ ដូចជាបង្កឱ្យមានការរង់ចាំយូរ និងដំណើរការស្មុគស្មាញជាដើម ជាពិសេសនៅតំបន់ឆ្ងាយពីទីក្រុង។

យោងតាមទិន្នន័យរបាយការណ៍ បង្ហាញថា ៨៩% នៃពលរដ្ឋថៃ មិនបានទទួលសេវាសុខភាពផ្លូវចិត្តក្នុងរយៈពេល ១២ ខែចុងក្រោយ ហើយមានត្រឹមតែ ៨.២% ទទួលបានការថែទាំផ្លូវការ។ដោយសារបញ្ហាទាំងនេះ ពលរដថៃ ៤.៩% បានបង្វែរទៅរកអ្នកព្យាបាលប្រពៃណី ឬព្រះសង្ឃជំនួសវិញ។

នាយកប្រតិបត្តិមន្ទីរពេទ្យសុខភាពផ្លូវចិត្តបាងកក (BMHH) បានបញ្ជាក់ថា បញ្ហាថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្តគឺជាបញ្ហាដ៏ធ្ងន់ធ្ងរ។ មន្ទីពេទ្យបានរកឃើញជំងឺធ្លាក់ទឺកចិត្តនេះកើតឡើងលើមនុស្សគ្រប់វ័យ ដោយអ្នកជំងឺវ័យក្មេងបំផុតមានអាយុត្រឹមតែ ៩ ឆ្នាំប៉ុណ្ណោះ។ ករណីកើនឡើងនៃជម្ងឺធ្លាក់ទឹកចិត្តក្នុងក្រុមយុវជន វ័យ ២០ឆ្នាំ ដែលជាកម្លាំងចលករដ៏សំខាន់របស់ប្រទេស ក៏ជាការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសក្នុងវិស័យការងារ។

នាយកប្រតិបត្តិមន្ទីរពេទ្យ បានរំលឹកថា អ្នកជំងឺធ្លាក់ទឹកចិត្តត្រូវការការវាយតម្លៃ ការព្យាបាល និងការតាមដានបន្ត ទោះបីជាស្ថិតក្នុងស្ថានភាពជាសះស្បើយក៏ដោយ ដើម្បីបង្ការអត្តឃាតដែលអាចកើតឡើង។

Khcct banner

អត្ថបទទាក់ទង