ភ្នំពេញ៖ សិក្ខាសាលាស្ដីពីសកម្មភាពកីឡាអាស៊ាន-ជប៉ុន លើសមភាពយេនឌ័រ (ASEAN-Japan Action on sports: Gender Equality) រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយជោគជ័យ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។ សិក្ខាសាលានេះបានប្រារព្ធឡើងនៅក្នុងខេត្តសៀមរាប ក្នុងគោលបំណងបង្កើនការចូលរួមរបស់ក្មេងស្រី ស្រ្តី និងអ្នករស់នៅតាមតំបន់ដាច់ស្រយាល នៅក្នុងវិស័យកីឡា នៅតំបន់អាស៊ាន។
យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន-អាស៊ាន ឆ្នាំ ២០២៦-២០២៧ កម្ពុជាប្ដេជ្ញាជំរុញមិនត្រឹមតែសមភាពយេនឌ័រក្នុងវិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវិស័យអាទិភាពផ្សេងៗទៀត ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍកីឡាប្រកបដោយចីរភាព និងទំនួលខុសត្រូវ។មួយវិញទៀត ក្រសួងអប់រំ ក៏ប្តេជ្ញាជំរុញផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ តាមរយៈការបង្កើនការចូលរៀនរបស់ក្មេងស្រី និងរក្សាគ្រូបង្រៀនស្រ្តី ប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រក្នុងប្រព័ន្ធអប់រំ និងអនុវត្តស្របតាមផែនការជាតិ «នារីរតនៈទី៦» ដើម្បីការផ្លាស់ប្តូរយេនឌ័រជាវិជ្ជមានទៀតផង។
បើតាមប្រភពដដែល ខ្លឹមសាររួមនៃសិក្ខាសាលានេះ នឹងក្លាយជាចំណែកមួយយ៉ាងសំខាន់ក្នុងការសម្រេចឱ្យបាននូវ ផែនការការងារអាស៊ានស្តីពីកីឡាឆ្នាំ ២០២៦-២០៣០ ក្នុងនោះរួមមានសសរស្ដម្ភចំនួន ៧ ដូចជា៖ កីឡាដើម្បីសន្តិភាព, វិទ្យាសាស្ត្រកីឡា, សុចរិតភាពកីឡា, កីឡាបរិយាប័ន្ន, តម្លៃវប្បធម៌សហគមន៍, ឧស្សាហកម្មទេសចរណ៍កីឡា និងការអភិវឌ្ឍកីឡាប្រកបដោយចីរភាព។ បន្ថែមពីលើនេះ សិក្ខាសាលាទាំងមូលបានឆ្លុះបញ្ចាំងពីភាពចម្រុះនៅក្នុងអាស៊ាន និងឆ្លើយតបចំទៅនឹង "យុទ្ធសាស្រ្តបញ្ចកោណ" របស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស។
គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាបានប្រើប្រាស់កីឡាយ៉ាងសកម្មជាឧបករណ៍ដ៏មានឥទ្ធិពល សម្រាប់ការកសាងសន្តិភាព និងការទូត។ តាមរយៈកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងអាស៊ាន និងជប៉ុននេះ កម្ពុជារំពឹងថាវិស័យអប់រំកាយ និងកីឡានៅកម្ពុជានឹងបន្តប្រព្រឹត្តទៅប្រកបដោយបរិយាប័ន្ន ដើម្បីផ្តល់ឱកាសឱ្យមនុស្សគ្រប់គ្នានៅក្នុងតំបន់ទាំងមូល៕