681 ezgif.com resize
Swift cc time

ទាហានរបស់សិង្ហបុរីចំនួន២នាក់មកដល់កម្ពុជា ដើម្បីចូលរួម ឃ្លាំមើលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖ទាហានរបស់សិង្ហបុរីចំនួន២នាក់ នៅថ្ងៃទី ១៦ មករាម្សិលមិញ បានមកដល់ប្រទេសកម្ពុជាហើយ ដើម្បីមកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្នុងការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែន បន្ទាប់ពីការចូលជាធរមាននៃបទឈប់បាញ់។

យោងតាមក្រសួងការពារជាតិកម្ពុជា ទាហានរបស់សិង្ហបុរីចំនួន២នាក់នោះ គឺមាន វរសេនីយ៍ត្រី Li Yiming និងព្រិន្ទបាលឯក Toh Wee Chiang។ពួកគេទាំងពីរនាក់ បានមកដល់កម្ពុជា នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ខេត្តសៀមរាប  និង បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីក្រសួងការពារជាតិកម្ពុជា។

បើតាមក្រសួងការពារជាតិ បានប្រកាសថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជា និងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។

ជាថ្មីម្តងទៀត ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕

Khcct banner

អត្ថបទទាក់ទង