សៀមរាប៖ លោម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅថ្ងៃទី១៦មករាបានចែករំលែកលទ្ធផលបញ្ចប់គម្រោងអភិរក្ស និងជួសជុលក្រុមប្រាសាទព្រះពិធុរ និងព្រះលានជល់ដំរី ដំណាក់កាលទី២ ដោយជោគជ័យ បន្ទាប់ពីគម្រោងនេះបានចាប់ផ្ដើមឡើងតាំងពីអំឡុងខែតុលា ឆ្នាំ២០១៩ ហើយបានបញ្ចប់នៅក្នុងខែមករា ឆ្នាំ២០២៦។
លោក Kim Chang Yong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េបានថ្លែងថា ម្សិលមិញ លោកបានអញ្ជើញទៅទស្សនាតំបន់ប្រាសាទព្រះពិធុរ និងព្រះលានជល់ដំរីដោយផ្ទាល់ ហើយពិនិត្យឃើញថា លទ្ធផលនៃការអភិរក្ស និងស្ដារឡើងវិញជាច្រើនឆ្នាំមកនេះ មានភាពល្អបំផុត។ លទ្ធផលដ៏ល្អនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអ្នកជំនាញកូរ៉េជាមួយនឹងអាជ្ញាធរជាតិអប្សរា។
លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការអភិរក្សយ៉ាងប្រុងប្រយ័ត្ននៅក្រុមប្រាសាទព្រះពិធុរ និងព្រះលានជល់ដំរី ដែលរួមបញ្ចូលទាំងផ្នែកវិទ្យាសាស្ត្រ និងការពង្រឹងសមត្ថភាពបច្ចេកទេសដល់ក្រុមការងារជំនាញផងនោះ បានធ្វើឱ្យមានភាពជោគជ័យយ៉ាងប្រសើរ។ ជោគជ័យទាំងនេះ អាចកើតឡើងបានដោយសារតែមានភាពជឿជាក់ ទំនុកចិត្ត និងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងកូរ៉េ។ ក្នុងនោះទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (KHA) និងអាជ្ញាធរជាតិអប្សរា បានសហការគ្នាចែករំលែកជំនាញ ចក្ខុវិស័យ និងការលះបង់យ៉ាងច្រើនក្នុងភាពជាដៃគូ។ ភាពជាដៃគូនេះ មិនត្រឹមតែជាលក្ខណៈផ្លូវការប៉ុណ្ណោះទេ ថែមទាំងមានលក្ខណៈជាមនុស្សធម៌ទៀតផង។
ក្នុងឱកាសនោះ លោកអគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ក៏បានជូនប័ណ្ណថ្លែងអំណរគុណ និងការកោតសរសើរដល់ថ្នាក់ដឹកនាំកូរ៉េផងដែរ។
សូមបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េបានបន្តកិច្ចសហប្រតិបត្តិការ ក្នុងវិស័យបេតិកភណ្ឌជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរាអស់រយៈពេលជាង១០ឆ្នាំមកហើយ។ ពោលគឺចាប់តាំងពីឆ្នាំ២០១៤មក រដ្ឋាភិបាលកូរ៉េបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការ ODA តាមរយៈគម្រោងមូលដ្ឋានក្នុងការអភិរក្សក្រុមប្រាសាទព្រះពិធុរ ហើយវិសាលភាពក៏បានពង្រីកដល់គម្រោងនៃការជួសជុលគ្រឹះបាកានរបស់ប្រាសាទអង្គរវត្តផងដែរ៕