សៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ១៦ ខែមករា នឹងបិទការធ្វើចរាចរណ៍ជាបណ្តោះអាសន្ននៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ចំនួន០២ថ្ងៃ គិតចាប់ពីថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០២៦ ដើម្បីអនុញ្ញាតជូនក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធរៀបចំការប្រឡងប្រជែងសរសេរតាមអាន «សំណេរអង្គរ» លើកទី៣ ក្នុងគោលបំណងចូលរួមចំណែកផ្សព្វផ្សាយ និងលើកកម្ពស់អក្សរសាស្ត្រខ្មែរ។
បើតាមអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការបិទចរាចរណ៍ខាងលើនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ អាចប្រើប្រាស់ស្ពានបណ្តែតទឹក ជាបណ្តោះអាសន្ន សម្រាប់ការចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត។
គួរបញ្ជាក់ថា កម្មវីធីប្រឡងប្រជែងសរសេរតាមអាន «សំណេរអង្គរ» លើកទី៣ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៥ ដោយមានបេក្ខជន បេក្ខនារី និងបេក្ខសាមណ ចំនួន១៨៦០អង្គ/នាក់ មកពី២៥រាជធានីខេត្តទូទាំងប្រទេស ចូលរួមប្រកួតប្រជែងសរសេរសំណេរ នៅលើស្ពានហាលខាងមុខប្រាសាទអង្គរវត្ត៕