681 ezgif.com resize
Swift cc time

អាជ្ញាធរជាតិអប្សរា បន្តបណ្តុះបណ្តាលអប់រំពី«បេតិកភណ្ឌ»ដល់សិស្សាសាលាបឋមសិក្សាបាគង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ ដើមឆ្នាំ២០២៦នេះ អាជ្ញាធរជាតិអប្សរាបានបន្តសកម្មភាព វគ្គបណ្តុះបណ្តាលអប់រំបេតិកភណ្ឌដល់សិស្សានុសិស្ស។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៦ ខែមករា អាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាបាគង ស្ថិតក្នុងឃុំបាគង ស្រុកប្រាសាទបាគង ។

លោក អ៊ុន មណីនីតា តំណាងអាជ្ញាធរជាតិអប្សរា បានលើកឡើងថា កម្មវិធីអប់រំបេតិកភណ្ឌនេះ គឺជាការផ្តល់ឱកាសឱ្យកុមារដែលកើត និងរស់នៅក្នុងតំបន់រមណីយដ្ឋានវប្បធ៌ម-ប្រវត្តិសាស្ត្រអង្គរ បានយល់ដឹងនូវកេរមរតកវប្បធ៌មរបស់ខ្លួន ព្រមទាំងបណ្តុះគំនិតកុមារ ឱ្យជ្រួតជ្រាបពីតម្លៃមរតកវប្បធ៌ម ឱ្យចេះស្រឡាញ់ ជាពិសេស កុមារអាចធ្វើជាគំរូចំពោះសហគមន៍របស់ខ្លួន លើការថែរក្សា ការពារ និងគ្រប់គ្រងកេរមរតកវប្បធម៌ ក្នុងសហគមន៍របស់ខ្លួននាពេលអនាគត។

លោកបានបន្តថា ក្នុងកម្មវិធីអប់រំបេតិកភណ្ឌ សម្រាប់ឆ្នាំសិក្សាថ្មី បែងចែកការបង្រៀនជា២ផ្នែក គឺបង្រៀនក្នុងថ្នាក់ឱ្យយល់ដឹងពីមូលដ្ឋាននៃបេតិកភណ្ឌវប្បធម៌ និងបង្រៀនក្រៅថ្នាក់ គឺនាំសិស្សទៅសិក្សាស្ថានភាពជាក់ស្តែង នៅតាមប្រាសាទឬរមណីយដ្ឋានវប្បធម៌នានាក្នុងតំបន់អង្គរ។

ចំណែកលោក លុយ ឆន ជំទប់ទី១ ឃុំបាគង និងជាសមាជិកគណៈកម្មការគ្រប់គ្រងសាលារៀន បានបង្ហាញការស្វាគមន៍ និងគាំទ្រចំពោះវគ្គបណ្តុះបណ្តាលស្តីពី បេតិកភណ្ឌដល់សិស្សានុសិស្ស នៅក្នុងមូលដ្ឋានលោក ព្រោះនេះជាមូលដ្ឋានគ្រឹះ ដើម្បីឱ្យសិស្សបានយល់ដឹង និងសិក្សាស្វែងយល់ អំពីផ្នែកបុរាណវិទ្យា ដោយសារខេត្តសៀមរាប ជាអតីតរាជធានីពីបុរាណ មានប្រាង្គប្រាសាទ និងបុរាណវត្ថុជាច្រើន ដែលត្រូវថែរក្សានិងការពារ។

សូមជម្រាបថា ដើម្បីបណ្តុះគំនិតយុវជនជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពី ការថែរក្សាបេតិកភណ្ឌ ចាប់តាំងពីឆ្នាំ២០០៧មក អាជ្ញាធរជាតិអប្សរា សហការជាមួយដៃគូរនានា បានរៀបចំវគ្គបណ្តុះបណ្តាលមួយ ដល់សិស្សានុសិស្សរស់នៅតំបន់បេតិកភណ្ឌ៕


Khcct banner

អត្ថបទទាក់ទង