681 ezgif.com resize
Swift cc time

និស្សិតជ័យលាភី ៣០រូប បានអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ក្នុងឆ្នាំសិក្សា២០២៦

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ និស្សិតចំនួន៣០នាក់ ទទួលបានជ័យលាភីអាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ ដើម្បីបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗពាក់ព័ន្ធនឹងការប្រែប្រួល អាកាសធាតុនិងបរិស្ថាន ការគ្រប់គ្រងគ្រោះមហន្តរាយ សន្តិសុខស្បៀងអាហារនិងកសិកម្ម ថាមពលកកើតឡើងវិញ អភិបាលកិច្ច និងការបង្រៀនភាសាអង់គ្លេស នៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៦។

មុនចេញដំណើរទៅបន្តការសិក្សានៅប្រទេសនូវែលសេឡង់ និស្សិតចំនួន៣០នាក់ ទទួលបានជ័យលាភីអាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង បានទទួលជួបសម្ដែងការគួរសម និងទទួលបានអនុសាសន៍ណែនាំពី ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ក្រុមនិស្សិតអាហារូបករណ៍ទាំង ៣០រូប បានណែនាំពីសមាសភាព និងរំលឹកអំពីសាវតានៃកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលនូវែលសេឡង់ ដែលតែងផ្តល់ជូននិស្សិតកម្ពុជាជារៀងរាល់ឆ្នាំ។

និស្សិតចំនួន៣០នាក់ ទទួលបានជ័យលាភីអាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ រួមមានមានមន្ត្រីរាជការនៃស្ថាប័នរដ្ឋ បុគ្គលិកក្រុមហ៊ុនឯកជន អង្គការ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ដែលនឹងបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗពាក់ព័ន្ធនឹងការប្រែប្រួល អាកាសធាតុនិងបរិស្ថាន ការគ្រប់គ្រងគ្រោះមហន្តរាយ សន្តិសុខស្បៀងអាហារនិងកសិកម្ម ថាមពលកកើតឡើងវិញ អភិបាលកិច្ច និងការបង្រៀនភាសាអង់គ្លេស នៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសនូវែលសេឡង់។

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានចូលរួមអបអរសាទរដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ទាំងអស់ និងចែករំលែកបទពិសោធពាក់ព័ន្ធនឹងការសិក្សា ក៏ដូចជារស់នៅបរទេស ចេះជួយយកអាសាគ្នាក្នុងគ្រាលំបាក ដោយរំលេចនូវគន្លឹះស្វ័យសិក្សាមួយចំនួនដូចជា ត្រូវពង្រឹងសមត្ថភាពភាសាឱ្យខ្លាំងតាមរយៈការអាននិងសរសេរឱ្យបានច្រើន បង្កើតទម្លាប់រៀនសូត្រឱ្យបានត្រឹមត្រូវ យកចិត្តទុកដាក់ស្រាវជ្រាវ ត្រូវចេះសង្ខេបមេរៀន ពង្រឹងជំនាញសតវត្សទី២១ ខិតខំប្រឹងប្រែងរៀនសូត្រចាប់យកជំនាញឱ្យចេះច្បាស់ ទន្ទឹមនឹងនេះក៏ត្រូវផ្តោតយកចិត្តទុកដាក់ឱ្យលើការថែរក្សាសុខភាពឱ្យបានរឹងមាំតស៊ូជម្នះដើម្បីបង្កើនភាពធន់ខ្លួនឯងសម្រាប់ជីវិតការងារជោគជ័យនាពេលអនាគត។

បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងអប់រំ បានជំរុញឱ្យនិស្សិតអាហារូបករណ៍ទាំងអស់ យកចិត្តទុកដាក់ខិតខំរៀនសូត្រឱ្យអស់ពីសមត្ថភាព ប្រឹងប្រែងដកបទពិសោធ និងពង្រឹងចំណេះដឹង ចាប់យកជំនាញឱ្យបានច្បាស់ ដើម្បីក្លាយជាមូលធនមនុស្សវិលត្រឡប់មកអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ដោយគូសបញ្ជាក់ថាធនធានមនុស្សខ្លាំង ទើបប្រទេសជាតិយើងមានការអភិវឌ្ឍប្រកបដោយចីរភាព និងជាខឿនការពារប្រទេសជាតិដ៏រឹងមាំពីការរំលោភបំពានពីប្រទេសដទៃ៕

Khcct banner

អត្ថបទទាក់ទង