ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ Save the Children ប្រចាំកម្ពុជា នាថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៦ បានប្រកាសដាក់អនុវត្តជាផ្លូវការនូវគម្រោង «ការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំសម្រាប់កុមារ និងសហគមន៍» ឬ #BRACE ដើម្បីកែប្រែសាលាបឋមសិក្សាចំនួន ២៤០ នៅទូទាំងខេត្តកំពង់ឆ្នាំង កំពង់ចាម និងកោះកុង ឱ្យទៅជាសាលារៀនដែលមានសុវត្ថិភាព និងធន់នឹងការប្រែប្រួលអាកាសធាតុ។
យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងអប់រំ គម្រោងនេះទទួលបានជំនួយគាំទ្រពីមូលនិធិអាកាសធាតុបៃតង #GCF និងភាពជាដៃគូសកលសម្រាប់ការអប់រំ #GPE។ មួយវិញទៀត បន្ទាប់ការដាក់អនុវត្តជាផ្លូវការនេះ ក្រសួងអប់រំ ប្តេជ្ញានឹងបន្ត អនុវត្ត សម្របសម្រួល និង ដឹកនាំការងារនេះ តាមរយៈធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន អង្គការ Save the Children នៅកម្ពុជា និងដៃគូទាំងអស់ដើម្បីធានាថាការអនុវត្តនេះ នឹងប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព ភាពទទួលខុសត្រូវ ហើយការវិនិយោគនេះ នឹងផ្តល់លទ្ធផលដ៏មានអត្ថន័យ និងយូរអង្វែង ក្នុងភាពជាម្ចាស់សម្រាប់កម្ពុជា ។
គួរបញ្ជាក់ផងដែរថា គម្រោង #BRACE ស្របតាមអាទិភាពអភិវឌ្ឍន៍ជាតិ និងការប្តេជ្ញារបស់កម្ពុជាលើឆាកអន្តរជាតិ តាមរយៈការគាំទ្រយុទ្ធសាស្ត្រអាកាសធាតុជាតិ និងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ (NDC 3.0) ដែលបានទទួលស្គាល់វិស័យអប់រំជាវិស័យគាំទ្រសំខាន់សម្រាប់ប្រទេសកម្ពុជាសម្រេចបាននូវគោលដៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដើម្បីប្រែក្លាយជាប្រទេសអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូន។