ភ្នំពេញ៖ អង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស ) នៃក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ (HRD-Korea) សហការជាមួយ គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (គ.ប.ប.ព.ប) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរលើកទី២៣ (23rd EPS-TOPIK) និងការប្រឡងតេស្តជំនាញ (Skill Test) សម្រាប់វិស័យកសិកម្ម។ ការចុះឈ្មោះសុំសិទ្ធិប្រឡង នឹងចាប់ផ្តើមពីថ្ងៃពុធ ទី២១ ដល់ថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦។
យោងតាមសេចក្តីជូនដំណឹងលើគេហទំព័រក្រសួងការងារបានឱ្យដឹងថា លក្ខខណ្ឌដើម្បីដាក់ពាក្យប្រឡង បេក្ខជនត្រូវមានកាយសម្បទាគ្រប់គ្រាន់ និងសុខភាពល្អ (មិនពិការដៃ-ជើង និងងងឹតពណ៌ភ្នែក) ដែលត្រូវមានអាយុចាប់ពី ១៨ ដល់ ៣៩ឆ្នាំ (កើតចន្លោះថ្ងៃទី២២ ខែមករា ឆ្នាំ១៩៨៦ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨)។ ជាពិសេស បេក្ខជនមិនមានប្រវត្តិប្រព្រឹត្តបទល្មើស មិនធ្លាប់ជាប់ពន្ធនាគារ ឬទោសឧក្រិដ្ឋ និងមិនមានការហាមឃាត់ក្នុងការចាកចេញពីព្រះរាជាណាចក្រកម្ពុជា។ បេក្ខជន មិនធ្លាប់ធ្វើការខុសច្បាប់នៅសាធារណរដ្ឋកូរ៉េ ឬបណ្តេញចេញពីសាធារណរដ្ឋកូរ៉េ និងមិនធ្លាប់ស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េលើសពី ៥ឆ្នាំ (ប្រភេទទិដ្ឋាការ E-9 និងE-10) លើកលែងការបន្តដោយស្វ័យប្រវត្តិក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩។
ការចុះឈ្មោះសុំសិទ្ធិប្រឡង នឹងចាប់ផ្តើមពីថ្ងៃពុធ ទី២១ ដល់ថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦ ដែលបេក្ខជនត្រូវចុះឈ្មោះតាមកម្មវិធី EPS-TOPIK Cambodia ដែលអាចទាញយកពី Play Store ឬ គេហទំព័រ www.eps.mtosb.gov.kh ហើយចំពោះតម្លៃសុំសិទ្ធិប្រឡងបង់ជូនទៅអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស (HRD-Korea) នៃក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ៖ ២៨ដុល្លារ (ម្ភៃប្រាំបីដុល្លារ)។ រីឯ ឯកសារចាំបាច់សម្រាប់ទាញចូលក្នុងកម្មវិធី រួមមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ដែលមានសុពលភាពប្រើប្រាស់ និងរូបថតពណ៌ធម្មជាតិដែលមិនមានការតុបតែង ទំហំ៣.៥ x ៤.៥ សង់ទីម៉ែត្រ (ផ្ទៃខាងក្រោយពណ៌ស ថតក្នុង អំឡុងពេល ៣ខែថ្មីៗនេះ)។
បើតាមប្រភពដដែល បេក្ខជនដែលប្រឡងជាប់ជាស្ថាពរចំនួន ៤,០០០នាក់ ដោយមានការកំណត់ពិន្ទុ គឺធ្វើឡើងដោយអង្គភាព HRD-Korea តាមលំដាប់ពិន្ទុពីខ្ពស់មកទាប។ ដើម្បីក្លាយជាបេក្ខជនប្រឡងជាប់ជាស្ថាពរ បេក្ខជនត្រូវឆ្លងកាត់ការប្រឡងតេស្តជំនាញ (Skill Test) ក្រោយពេលប្រកាសលទ្ធផលប្រឡងជាប់តេស្តសមត្ថភាពភាសាកូរ៉េ (EPS-TOPIK)។
ការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ (EPS-TOPIK) វិញ្ញាសាអានមាន ២០សំណួរ (រយៈពេល ២៥នាទី) និងវិញ្ញាសាស្តាប់មាន ២០សំណួរ (រយៈពេល ២៥នាទី) វិញ្ញាសាទាំងពីរនឹងអនុវត្តបន្តបន្ទាប់គ្នាដោយពុំមានការឈប់សម្រាកឡើយ ហើយបន្ទាប់មកនឹងតេស្តងងឹតពណ័ភ្នែក។ ការប្រឡងនឹងមានការបិទឈ្មោះប្រឡង នៅថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ គ.ប.ប.ព.ប www.facebook.com/mtosbcambodia និងតេលេក្រាម https://t.me/epscambodia ដែលមណ្ឌលប្រឡងធ្វើនៅជាន់ទី៤ អគារមជ្ឈមណ្ឌលសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាសាស្ត្រ នៅក្នុង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។ កាលបរិច្ឆេទប្រឡង ៖ចាប់ពីថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ តទៅ ដោយក្នុងមួយថ្ងៃមានការប្រឡង ចំនួន ៤វេន។ ចំពោះ ការប្រឡងតេស្តជំនាញ (Skill Test) នឹងមានប្រឡងលើជំនាញមូលដ្ឋាន កាយសម្បទា និងការសម្ភាសន៍។ ការប្រឡងនេះនឹងបិទឈ្មោះប្រឡងនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ លើទំព័រហ្វេសប៊ុកផេកផ្លូវការ និងតេលេក្រាមរបស់ គ.ប.ប.ព.ប ហើយមណ្ឌលប្រឡង៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដដែល ខណៈកាលបរិច្ឆេទប្រឡង៖ ចាប់ពីថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ តទៅ ដោយក្នុងមួយថ្ងៃមានការប្រឡង ចំនួន ២វេន។ ឯកសារដែលត្រូវយកមកជាមួយនៅថ្ងៃប្រឡង រួមមាន អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ច្បាប់ដើម (ដូចគ្នាទៅនឹងពេលដាក់ពាក្យសុំសិទ្ធិប្រឡង) ក្នុងករណីមិនបានយកមកជាមួយ នោះអង្គភាព HRD-Korea នឹងមិនអនុញ្ញាតឱ្យប្រឡងជាដាច់ខាត។
បន្ថែមពីនេះ ក្រសួងបានក្រើនរម្លឹកថា មិនអនុញ្ញាតឱ្យយកចូលក្នុងបន្ទប់ប្រឡងនូវទូរសព្ទដៃ សំណៅឯកសារ វចនានុក្រមអេឡិចត្រូនិច និងឧបករណ៍ អេឡិចត្រូនិចផ្សេងៗទៀតដែលអាចប្រើប្រាស់ក្នុងការលួចបន្លំ។ ក្នុងករណីដែលរកឃើញថាមានការលួចបន្លំ នោះ ការប្រឡងតេស្តនឹងចាត់ទុកជាមោឃៈ និងត្រូវដកសិទ្ធិប្រឡងក្នុងរយៈពេល ៤ឆ្នាំ។ ប្រសិនបើព័ត៌មានផ្ទាល់ខ្លួន (ឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងភេទ) នៅលើអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន មិនដូចគ្នានឹងព័ត៌មាននៅលើពាក្យសុំសិទ្ធិប្រឡងទេ នោះបេក្ខជននឹងមិនត្រូវបានចុះឈ្មោះទៅក្នុងបញ្ជីឈ្មោះអ្នកស្វែងរកការងារធ្វើក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ EPS ក៏ដូចជាការបញ្ជូនទៅសាធារណរដ្ឋកូរ៉េឡើយ បេក្ខជនត្រូវទទួលខុសត្រូវទាំងស្រុងចំពោះបញ្ហាដែលបណ្តាលមកពីភាពខុសគ្នានៃព័ត៌មានទាំងនោះ។
ក្រសួងការងារបានគូសបញ្ជាក់ថា លទ្ធផលប្រឡងជាប់តេស្តសមត្ថភាពភាសាកូរ៉េ (EPS-TOPIK)ថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦។ ក្រោយពីប្រកាសលទ្ធផលជាប់តេស្តសមត្ថភាពភាសាកូរ៉េ (EPS-TOPIK) បេក្ខជនដែលមានវិញ្ញាបនបត្រជំនាញ ត្រូវនឹងវិស័យកសិកម្មអាចយកមកដាក់នៅអគារលេខ៨ នៃ គ.ប.ប.ព.ប ចាប់ពីថ្ងៃព្រហស្បតិ៍ ទី៩ ដល់ថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ ដើម្បីទទួលបានពិន្ទុបន្ថែមនៅពេលប្រឡងតេស្តជំនាញ។ ចំណែកឯ លទ្ធផលប្រឡងជាប់ជាស្ថាពរថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ ។ សុពលភាពនៃលទ្ធផលប្រឡងមានរយៈពេលចំនួន ២ឆ្នាំ គិតចាប់ពីថ្ងៃប្រកាសលទ្ធផល។ បេក្ខជនជាប់ជាស្ថាពរ មិនមានន័យថាបានប្រឡងជាប់ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េឡើយ។ បេក្ខជនដែលធ្លាក់តេស្តសុខភាព ឬធ្លាប់ស្នាក់នៅដោយខុសច្បាប់នៅសាធារណរដ្ឋកូរ៉េ មិនត្រូវបានអនុញ្ញាតឱ្យ ដាក់ពាក្យសុំស្វែងរកការងារធ្វើនៅសាធារណរដ្ឋកូរ៉េឡើយ បើទោះបីជាបានប្រឡងជាប់ជាស្ថាពរក៏ដោយ។
គួរបញ្ជាក់ថា យោងអនុស្សរណៈយោគយល់ស្តីពីការបញ្ជូនពលករក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ EPS មានតែគណៈកម្មាធិការ បណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេសតែមួយប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ជូនពលករកម្ពុជាទៅធ្វើការងារនៅ សាធារណរដ្ឋកូរ៉េ។ មានតែបេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ និងបានចុះឈ្មោះចូលក្នុងបញ្ជីស្វែងរកការងារធ្វើប៉ុណ្ណោះ ដែលអាចត្រូវបានជ្រើសរើសដោយនិយោជកកូរ៉េតាមរយៈប្រព័ន្ធកុំព្យូទ័រ។ ភ្នាក់ងារឯកជនណាមួយ ដែលជាប់ពាក់ព័ន្ធនៅក្នុងដំណើរការបញ្ជូនពលករនឹងត្រូវធ្វើការផាកពិន័យតាមច្បាប់ជាធរមាន។ ការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េនេះរៀបចំដោយ ក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ និងអនុវត្ត ដោយអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ដោយមានការសហការជាមួយគណៈកម្មាធិការបណ្តុះ បណ្តាល និងបញ្ជូនពលករទៅបរទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស ដែលមានទីតាំងអគារលេខ៨ ក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឬតាមទូរសព្ទលេខ ០១២-៤៦៦-២២២ និង ០១២-២៥៣-៥៥៥ នៅរៀងរាល់ ម៉ោងធ្វើការ៕