ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ប្រតិភូយុវជនរបស់កម្មវិធីជំរំយុវជនជាសកលលើកទី១១ បានទៅដល់ទីតាំងបោះជំរំនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបប្រកបដោយសុវត្ថិភាព និងតាមការគ្រោងទុក។កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណង អភិវឌ្ឍសមត្ថភាព ជំរុញការយល់ដឹងអំពីវប្បធម៌ និងបណ្តុះបណ្តាលយុវជនឱ្យក្លាយជាអ្នកចូលរួមយ៉ាងសកម្មក្នុងការថែរក្សា និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់កិត្តិនាមរបស់កម្ពុជា។
យោងតាមគេហទំព័រផ្លូវការរបស់ជំរំយុវជនជាសកល នៅពេលទៅដល់ទីតាំងបោះជំរំក្រុមការងារ និងយុវជនស្ម័គ្រចិត្តបានសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំដើម្បីសម្របសម្រួលទៅលើការបែងចែកកន្លែងស្នាក់នៅ សម្ភារៈប្រើប្រាស់ សម្រាប់ប្រតិភូដែលចូលរួម និងកម្មវិធីនៅថ្ងៃបន្ទាប់ទៀតឱ្យប្រព្រឹត្តទៅដោយរលូន។ ជាពិសេសគឺកម្មវិធីអប់រំសម្រាប់ប្រតិភូយុវជនដែលចូលរួម។ ចំណែកឯប្រតិភូយុវជនវិញទោះបីជាក្រោកពីព្រលឹម ដើម្បីធ្វើដំណើរទៅកាន់សៀមរាប ក៏ពួកគេនៅមានស្នាមញញឹម និងសេចក្តីសោមនស្សរីករាយ ក្នុងការក្រេបយកចំណេះដឹង ចូលរួមសកម្មភាពនានា និងបង្កើតមិត្តភាពនៅក្នុងកម្មវិធីជំរំយុវជនជាសកលផងដែរ។
គួរបញ្ជាក់ផងដែរថា កម្មវិធីជំរំយុវជនជាសកលនេះមិនត្រឹមតែអាចផ្សារភ្ជាប់ចំណងសាមគ្គីភាពរបស់យុវជនប៉ុណ្ណោះទេ។ប៉ុន្តែវាជាឱកាស សម្រាប់យុវជនក្នុងការរៀនសូត្រពីគ្នា ការធ្វើការងារជាក្រុម រួមទាំងរួមចំណែកជួយដល់សង្គមតាមរយៈ កម្មវិធីប្រកួតប្រជែងជជែកដេញដោល វគ្គតម្រង់ទិស ការសិក្សាអំពីវប្បធម៌ ព្រមទាំងការរៃអង្គាសថវិកា និងស្បៀងអាហារសម្រាប់ជនភៀសសឹក និងកុមារផងដែរ។ នៅក្នុងឆ្នាំនេះជំរំយុវជនជាសកលនឹងផ្តល់ថិកា និងសម្ភារៈដែលប្រមូលបានធ្វើជាមូលនិធិសម្បុរសធម៌សម្រាប់សិស្សានុសិស្ស សាលាបឋមសិក្សាមេបុណ្យ ខេត្តសៀមរាប៕