ភ្នំពេញ៖ កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស នឹងរៀបចំសិក្ខាសាលាឥតគិតថ្លៃស្តីពី «ការលក់តាមថ្នាលឌីជីថលនៅកម្ពុជា» សម្រាប់ម្ចាស់អាជីវកម្ម នឹងប្រព្រឹត្តទៅចន្លោះខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២៦ ដែលសិក្ខាកាមអាចជ្រើសរើសទៅតាមពេលវេលារបស់ខ្លួន។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងសម្រាប់អាជីវកម្មខ្នាតតូចដែលចង់ចាប់ផ្តើមលក់តាមអ៊ីនធឺណិត ប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមពីចំណុចណា។
អត្ថប្រយោជន៍នៃការចូលរួមកម្មវិធីសិក្ខាសាលានេះ គឺ សិក្ខាកាមនឹងទទួលបានការណែនាំលើការប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក អាចសន្ទនាដោយផ្ទាល់ជាមួយថ្នាលពាណិជ្ជកម្មធំៗទាំងក្នុងស្រុក និងតំបន់ ព្រមទាំងមានឱកាសទទួលបានជំនួយហិរញ្ញវត្ថុពីកម្មវិធី និងការគាំទ្របច្ចេកទេសយូរអង្វែង។ ចំណែកឯ លក្ខខណ្ឌដែលអាចចូលរួមបាន គឺសិក្ខាសាលារៀបចំឡើងសម្រាប់អាជីវកម្មដែលបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម និងច្រកចេញចូលតែមួយ ដែលមិនធ្លាប់ចូលរួមសិក្ខាសាលាជាមួយ "កម្មវិធីបរិវត្តកម្មឌីជីថល" ពីមុនមក ដែលអាចមានអ្នកតំណាងចូលរួម ១នាក់ ក្នុងមួយអាជីវកម្ម។ ថ្ងៃចូលរៀន អាចជ្រើសរើសទៅតាមតំណភ្ជាប់ ៖ https://surl.lt/xvypav។ កម្មវិធីប្រព្រឹត្តទៅនៅម៉ោង៖ ៨ ព្រឹក - ១២ ថ្ងៃត្រង់ នៅទីតាំង មជ្ឍមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ជាន់ទី១១។
បើតាមប្រភពដដែល ចំណុចពិសេសនៃសិក្ខាសាលាគឺ មេរៀនរៀបចំសម្រាប់អាជីវកម្មខ្នាត មីក្រូ តូច និងមធ្យម ដែលផ្តល់ភាពងាយស្រួលក្នុងការចាប់ផ្ដើម និង អនុវត្ត ដែលអាជីវករអាចស្វែងយល់អំពីមូលដ្ឋានគ្រឹះនៃអាជីវកម្មតាមថ្នាលឌីជីថល។ របៀបវារៈ រួមមាន ទិដ្ឋភាពទូទៅនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចសកល និងបរិបទកម្ពុជា បទបង្ហាញថ្នាលពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងមានលំហាត់អនុវត្តជាក់ស្តែង។
គួរបញ្ជាក់ថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយ កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស Enterprises Go Digital នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" Techo Startup Center, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance ដែលមានការគាំទ្រថវិកាដោយ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund និងមានជំនួយបច្ចេកទេសដោយ៖ Profitence៕