កូរ៉េ៖ រដ្ឋអាជ្ញានៃប្រទេសកូរ៉េខាងត្បូងបានស្នើសុំឱ្យអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក យ៉ុន ស៊ុកយ៉ុល ត្រូវទទួលទោសប្រហារជីវិតក្នុងសំណុំរឿងនៃការប្រកាសដាក់ច្បាប់អាជ្ញាសឹករបស់លោកដោយផ្ទាល់កាលពីចុងខែធ្នូឆ្នាំ ២០២៤។ រដ្ឋអាជ្ញាកូរ៉េបានបញ្ជាក់ទៀតថាទោះបីជាគ្មាននរណាម្នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹករបស់លោកក៏ដោយក៏ប៉ុន្តែចេតនារបស់លោក យ៉ុន ស៊ុកយ៉ុល បានបង្កឲ្យមានហិង្សាកើនឡើងជាខ្លាំងកាលពីចុងឆ្នាំ ២០២៤។ ការចោទប្រកាន់ទាំងនេះកើតចេញពីការប៉ុនប៉ងរបស់លោក យ៉ុន ក្នុងខែធ្នូ ឆ្នាំ ២០២៤ ដើម្បីដាក់ច្បាប់អាជ្ញាសឹកក្នុងប្រទេសកូរ៉េខាងត្បូងជាសកម្មភាពបះបោលដែលមានរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ប៉ុន្តែបានធ្វើឱ្យប្រទេសកូរ៉េធ្លាក់ចូលទៅក្នុងភាពចលាចលនយោបាយ។
បើតាមរដ្ឋអាជ្ញានៃប្រទេសកូរ៉េខាងត្បូងលោក យ៉ុន ស៊ុកយ៉ុល មានចេតនាក្នុងការចង់បានអំណាចផ្តាច់ការដឹកនាំនៅក្នុងប្រទេសកូរ៉េ ដោយក្នុងនោះលោកយ៉ុន ក៏បានបញ្ជាឱ្យចាប់ខ្លួនសមាជិកសភាក្នុងអំឡុងពេលរដ្ឋប្រហារមិនបានសម្រេចរបស់លោកក្នុងការប្រកាសច្បាប់អាជ្ញាសឹក។ ការកាត់ក្តីបះបោររបស់លោក យ៉ុន ក៏នឹងត្រូវបានបញ្ចូលគ្នាជាមួយនឹងសំណុំរឿងរបស់ឥស្សរជនជាន់ខ្ពស់ពីររូបទៀតនៅក្នុងរដ្ឋបាលរបស់លោក គឺអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Kim Yong-hyun និងអតីតប្រធានប៉ូលីស លោក Cho Ji-ho។ រដ្ឋអាជ្ញាកំពុងតែស្វែងការដាក់ទោសពន្ធនាគារអស់មួយជីវិតលើលោក Kim Yong-hyun និងជាប់ពន្ធនាគារ ២០ ឆ្នាំលើលោក Cho Ji-ho ពីបទអនុវត្តបញ្ជាខុសច្បាប់របស់លោក យ៉ុន ។
គួរកត់សម្គាល់ថាកូរ៉េខាងត្បូងមិនធ្លាប់បានកាត់ទោសប្រហារជីវិតនរណាម្នាក់អស់រយៈពេលជិត ៣០ឆ្នាំមកហើយ ដោយការកាត់ទោសចុងក្រោយបំផុតកើតឡើងនៅឆ្នាំ ១៩៩៦ លើអតីតមេដឹកនាំយោធា Chun Doo-hwan ត្រូវបានកាត់ទោសប្រហារជីវិតពីបទដណ្តើមអំណាចក្នុងរដ្ឋប្រហារយោធាក្នុងឆ្នាំ ១៩៧៩ តែក្រោយមករូបលោកត្រូវបានប្តូរទៅជាការជាប់ពន្ធនាគារអស់មួយជីវិតវិញ ហើយក្រោយមកទាន់ការប្រហារជីវិតចុងក្រោយបានកើតឡើងនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ១៩៩៧ នៅពេលដែលមនុស្ស ២៣ នាក់ត្រូវបានប្រហារជីវិតរួមគ្នា៕'