ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និង ទូតកូរ៉េនៅកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាបន្តប្រតិបត្តិការបោសសម្អាត ONLINE SCAM ក្រោយពីភាគីទាំងពីរបានសម្រេចបង្កើតក្រុមការងារពិសេសមួយ កាលពីចុងឆ្នាំ២០២៥។ការប្តេជ្ញាចិត្តជាថ្មីនេះ ធ្វើឡើងក្នុងពេលលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំនួបជាមួយលោក KIM Chang Yong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជាថ្មី។
ក្នុងជំនួបនោះ សមភាគីទាំងពីរបាន បានពិភាក្សាពីភាពចាំបាច់នៃការបន្តបង្កើនកិច្ចសហប្រតិបត្តិការ ពង្រឹងចំណេះជំនាញកម្លាំងអនុវត្តច្បាប់ និង ការផ្លាស់ប្តូរទស្សនកិច្ច ដើម្បីដកបទពិសោធន៍លើការងារស្រាវជ្រាវ ស៊ើបអង្កេត កោសល្យវិច្ច័យទីតាំងបទល្មើស និង ជំនាញថ្មីៗ បម្រើដល់ការងារនគរបាលជំនាញកម្ពុជា និងកូរ៉េ។
លោក KIM Chang Yong បានបញ្ជាក់ថា ភាគីកូរ៉េ នឹងបន្តបង្កើនកិច្ចសហការដ៏ល្អនេះ និង ត្រៀមជួយគាំទ្រដល់ភាគីកម្ពុជាគ្រប់បែបយ៉ាង ជាពិសេស ការងារបណ្តុះបណ្តាលចែករំលែកបទពិសោធ និង ឯកភាពទទួលរៀបចំទស្សនកិច្ច នាពេលខាងមុខ ជូនថ្នាក់ដឹកនាំ និងអង្គភាពជំនាញកម្ពុជា ដើម្បីដកពិសោធន៍ការងារសន្តិសុខ និង នគរបាល។
ចំណែក លោក ស សុខា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងប្រកបដោយផ្លែផ្កា និង កិច្ចសហប្រតិបត្តិការល្អរវាងកងកម្លាំងអនុវត្តច្បាប់ កម្ពុជា-កូរ៉េ ដែលតែងតែផ្ដល់ការគាំទ្រគ្នាទៅវិញទៅមក លើការងារសន្តិសុខ ពិសេស ក្រោយការបង្កើតក្រុមការងារចម្រុះ កម្ពុជា-កូរ៉េ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ សម្រេចបានលទ្ធផលជាច្រើនក្នុងការចុះបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស ONLINE SCAM ។
គួរបញ្ជាក់ថា កូរ៉េខាងត្បូង នៅថ្ងៃទី ៤ ធ្នូ ឆ្នាំ២០២៥ បានប្រកាសបើកឱ្យពលរដ្ឋខ្លួនអាចទៅទេសចរ ឬស្នាក់នៅ ក្នុងរាជធានីភ្នំពេញ និង ខេត្តសៀមរាប ឡើងវិញ ក្រោយពីមើលឃើញពីសន្តិសុខ សុវត្តិភាព មានហានិភ័យទាបពីការឆបោកតាមអនឡាញ Online Scam។ការបើកឡើងវិញនេះ ជាសញ្ញាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា និងកូរ៉េ ក្រោយមានជំនួបពិសេសរវាងសម្តេច ហ៊ុន ម៉ាណែត និង ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង ក្នុងកិច្ចប្រជុំអាស៊ាននៅម៉ាឡេស៊ី៕