ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) រៀបចំ «ការប្រកួតប្រជែងពានរង្វាន់វិទ្យាសាស្ត្រ Sci-Cup ឆ្នាំ២០២៦» សម្រាប់សិស្សថ្នាក់ទី១០ និង១១ ទាំងសាលារដ្ឋ និងឯកជន ទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់ការយល់ដឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ជ័យលាភីលេខ១ នឹងទទួលបានថវិកា ៦លានរៀល ចំណែកឯជ័យលាភីលេខ២ បានថវិកា ៤លានរៀល និងលេខ៣ ទទួលបាន២លានរៀល។
យោងតាមគេហទំព័រផ្លូវការនៃ National Institute of Science, Technology and Innovation - NISTI បានឱ្យដឹងថា កម្មវិធីនេះនឹងផ្ដល់ឱកាសដល់សិស្សានុសិស្ស ក្នុងការបង្កើនទំនុកចិត្ត និងបង្ហាញសមត្ថភាពរបស់ខ្លួន តាមរយៈការចូលរួមប្រកួតប្រជែងលើឆាកប្រកួតថ្នាក់ជាតិ ក្នុងកម្មវិធី «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI DAY 2026)» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។ បេក្ខភាពដែលត្រូវបានជ្រើសរើសក្រោយការដាក់ពាក្យ តម្រូវឱ្យចូលរួមការប្រកួតជម្រុះតាមតំបន់ មុនពេលចូលរួមប្រកួតផ្ដាច់ព្រ័ត្រក្នុងកម្មវិធី “ទិវាជាតិវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ (STI DAY 2026)។
បើតាមប្រភពដដែល កម្មវិធីប្រកួតនេះធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹង ដោយជំរុញចំណេះដឹងផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងប្រទេសកម្ពុជា ព្រមទាំងបង្កើនទំនុកចិត្ត ដោយផ្តល់ឰកាសសម្រាប់សិស្សានុសិស្សបញ្ចេញសមត្ថភាព និងភាពជឿជាក់ខ្លួនឯង និងផ្តល់ឱកាសប្រកួតប្រជែងថ្នាក់ជាតិ ដោយបង្ហាញស្នាដៃក្នុងកម្មវិធី ទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ (STI DAY 2026)។
គួរបញ្ជាក់ថា លក្ខខណ្ឌដែលអាចដាក់ពាក្យបានតម្រូវឱ្យបេក្ខជនជាសិស្សថ្នាក់ទី១០ និង១១ ទាំងសាលារដ្ឋ និងឯកជន ទូទាំងប្រទេសកម្ពុជា ដែលមានកម្រិតចំណេះដឹងទូទៅ និងចំណាប់អារម្មណ៍ខ្ពស់លើមុខវិជ្ជាស្ទែម។ដើម្បីដាក់ពាក្យបាន បេក្ខជនអាចបំពេញពាក្យតាមរយៈតំណភ្ជាប់៖ https://forms.gle/8oSXAadCTgLZfUWF7 ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី២៥ មករា ២០២៦។ ករណីមានចម្ងល់បន្ថែម អាចទាក់ទងទៅកាន់លេខទូរស័ព្ទ 010 366 833 (Telegram)៕