ភ្នំពេញ៖ កម្ពុជា និងចិន នៅថ្ងៃទី១៣ ខែមករានេះ បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់បន្តទៀត ដើម្បីប្រយុទ្ធប្រឆាំងបទល្មើស Online Scams នៅកម្ពុជា ។ការប្តេជ្ញានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក LIU Zhongyiឧបការីរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណ:ចិន ព្រមទាំងគណៈប្រតិភូ ។
ក្នុងជំនួបពិភាក្សា ភាគីចិនបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរបស់រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចកម្ពុជាពាក់ព័ន្ធ លើការចូលរួមទប់ស្កាត់ បង្រ្កាប និងអនុវត្តនីតិវិធីបណ្តេញចេញចំពោះជនបរទេស ដែលលួចស្នាក់នៅ និងធ្វើការខុសច្បាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយទទួលបានលទ្ធផលល្អ នាពេលកន្លងមក ។ ភាគីទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់បន្តទៀត ដើម្បីប្រយុទ្ធប្រឆាំងបទល្មើស Online Scams នៅកម្ពុជា ។
គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ តុលាការកម្ពុជា បានអនុវត្តនីតិវិធីលើសំណុំរឿងធំៗចំនួន ៣៦ ករណី ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ១៧១ នាក់។ ជាមួយគ្នានេះ សមត្ថកិច្ចបាន និង កំពុងបន្តស្រាវជ្រាវដើម្បីវែកមុខបណ្តាញអង្គការចាត់តាំង ដែលនៅពីក្រោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។សម្រាប់ចិន បានចាត់ទុកការចាប់ខ្លួននេះ គឺជាសមិទ្ធផលដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ កម្ពុជា–ចិន៕