ភ្នំពេញ៖ ធនាគារអភិវឌ្ឍអាស៊ី (ADB) និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំកន្លះដល់និស្សិត ឱ្យសិក្សានៅសាកលវិទ្យាល័យ (KDI School of Public Policy and Management) ដែលជាគ្រឹះស្ថានសិក្សាឈានមុខគេផ្នែកគោលនយោបាយ នៅក្នុងសាធារណៈរដ្ឋកូរ៉េ។ អាហារូបករណ៍នេះផ្តល់ជូនសម្រាប់ជំនាញ៣ ដូចជា គោលនយោបាយសាធារណៈ (Public Policy), គោលនយោបាយអភិវឌ្ឍន៍ (Development Policy) និងការគ្រប់គ្រងសាធារណៈ (Public Management)។
យោងតាមគេហទំព័រផ្លូវការរបស់(KDI) ដើម្បីដាក់ពាក្យអាហារូបករណ៍ បេក្ខជនត្រូវតែមានអាយុយ៉ាងច្រើន៣៥ឆ្នាំ និងជាប្រជាជនដែលនៅក្នុងប្រទេសដែលជាសមាជិករបស់ធនាគារអភិវឌ្ឍអាស៊ី (ADB)។ មួយវិញទៀតបេក្ខជនត្រូវមានលទ្ធផលសិក្សាល្អក្នុងថ្នាក់បរិញ្ញាបត្រ និងមានបទពិសោធន៍ធ្វើជាមន្រ្តីរាជការរយៈពេល៣ឆ្នាំ ព្រមទាំងមានសុខភាព។ ជាចុងក្រោយបេក្ខជនត្រូវតែមានភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាអង់គ្លេស និងត្រូវត្រឡប់មកធ្វើការប្រទេសកំណើតរបស់ខ្លួនវិញបន្ទាប់ការសិក្សាចប់យ៉ាងហោចណាស់ពីរឆ្នាំ។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈ តំណរភ្ជាប់ តាមរយៈប្រព័ន្ធអនឡាញពីចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ វេលាម៉ោង ១៨:០០ល្ងាច (ម៉ោងនៅកូរ៉េ)។
បើតាមប្រភពដដែល តាមរយៈអាហារូបករណ៍នេះ បេក្ខជនទាំងអស់នឹងទទួលបានការបង់ថ្លៃលើការសិក្សាពេញរយៈពេល១ឆ្នាំកន្លះ ជាមួយនិងក្រេឌីត៣៦ និងអត្ថប្រយោជន៍មួយចំនួនទៀតដូចជា ការបង់ថ្លៃលើការធ្វើដំណើរទៅមក ការស្នាក់នៅនិងការហូបចុក រួមនិងប្រាក់ឧបត្ថម្ភប្រចាំខែ ព្រមទាំងមានឱកាសបង្កើតទំនាក់ជាមួយនិស្សិតអន្តរជាតិទៀតផង។សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់ តំណរភ្ជាប់។
គួរបញ្ជាក់ថា អាហារូបករណ៍នេះនឹងមិនផ្តល់បេក្ខជនដែលមាន សញ្ជាតិពីរជាមួយប្រទេសដែលមិនមែនជាសមាជិក ADB និងមានជាប់ទំនាក់ទំនងជាមួយបុគ្គលិករបស់ ADB ឡើយ។ មួយវិញទៀតចំពោះបេក្ខជនដែលមានអាយុលើសពី៣៥ឆ្នាំ ក៏អាចត្រូវបានជ្រើសរើសក្នុងករណីពិសេសណាមួយផងដែរ៕