ភ្នំពេញ៖ យុវជនប្រមាណ១៥០នាក់ កាលពីថ្ងៃទី 11 ខែមករា ឆ្នាំ 2026 បានចូលរួម«វេទិកាសុខុមាលភាពយុវជនប្រចាំឆ្នាំ ២០២៦»។ តាមរយៈវេទិកានេះ យុវជនបានយល់ច្បាស់ពីទំនាក់ទំនងនៃសុខភាពផ្លូវកាយ ចិត្ត និងស្មារតី ការរៀបចំផែនការសុខុមាលភាពផ្ទាល់ខ្លួនដោយការចាប់ផ្តើមពីការស្គាល់ខ្លួនឯង និងជ្រើសរើសវិធីសាស្រ្តដែលត្រូវនឹងគោលដៅរបស់ខ្លួន។
«វេទិកាសុខុមាលភាពយុវជនប្រចាំឆ្នាំ ២០២៦» បានរួមបញ្ចូលនូវកិច្ចពិភាក្សាជាមួយវាគ្មិន ស្តីពីការកសាងភាពរឹងមាំផ្នែករាងកាយ ចិត្ត និងស្មារតី ការសម្តែងសិល្បៈដោយយុវជនស្មគ្រ័ចិត្ត ស្តង់ព័ត៌មានដែលមានប្រយោជន៍ដល់យុវជន និងការអនុវត្តរង្វង់គាំទ្រ (WELL Circle) ដែលជាទម្រង់មួយនៃការគាំទ្រសុខុមាលភាពផ្លូវចិត្តគ្នាទៅវិញទៅមកនៅក្នុងសហគមន៍។ WELL Academy រៀបចំកម្មវិធីនេះឡើងដោយសារតែយល់ឃើញថា យុវជនដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់សុខមាលភាពសហគមន៍ ប្រព្រឹត្តទៅនៅវិទ្យាស្ថានថាក់ គ្លូប៊ល។
តាមរយៈកម្មវិធីនេះ យុវជនបានយល់ច្បាស់ពីទំនាក់ទំនងនៃសុខភាពផ្លូវកាយ ចិត្ត និងស្មារតី ការរៀបចំផែនការសុខុមាលភាពផ្ទាល់ខ្លួនដោយការចាប់ផ្តើមពីការស្គាល់ខ្លួនឯង និងជ្រើសរើសវិធីសាស្រ្តដែលត្រូវនឹងគោលដៅរបស់ខ្លួន រួមមានការហាត់ប្រាណ ការបរិភោគទឹក និងគេងឲ្យបានគ្រប់គ្រាន់ ការរៀបចំរបបអាហារ និងកាលវិភាគអាហារ ការបង្កើតវិន័យផ្ទាល់ខ្លួន និងការតាមដានកំណត់សម្គាល់ភាពមិនប្រក្រតីនៃរាងកាយ និងចិត្តរបស់ខ្លួន ក៏ដូចជាការជួយខ្លួនឯងចេញពីស្ថានភាពតានតឹងតាមលំហាត់ដង្ហើម ការសន្ទនា និងការស្វែងរកជំនួយជាងដើម។ ពិសេសលើសពីនេះ យុវជនក៏បានស្វែងយល់ និងអនុវត្តផ្ទាល់ពីសារៈសំខាន់ និងគំរូនៃការកសាងទំនាក់ទំនងវិជ្ជមានក្នុងសហគមន៍តាមរយៈកិច្ចពិភាក្សាជារង្វង់គាំទ្រតូចដែលហៅថា វង្វង់គាំទ្រ ឬ WELL Circle ។
លោកស្រី វិរៈ បុណ្ណារត្ន័ នាយិកាអង្គការវែលបានពន្យល់ថា «WELL Circle ឬ រង្វង់គាំទ្រគឺជាទម្រង់នៃកិច្ចសន្ទនាវិជ្ជមានមួយ ដែលជួយបន្ធូរភាពតានតឹង លើកទឹកចិត្ត បង្កើនការយល់ចិត្ត និងការគាំទ្រគ្នានៅក្នុងសហគមន៍។ យុវជនស្មគ្រ័ចិត្តចំនួន៣០ រូបត្រូវបានជ្រើសរើស និងបង្វឹកក្នុងការធ្វើជាអ្នកសម្របសម្រួលកិច្ចសន្ទនារង្វង់ ជាមួយជំហ៊ាន និងសំណួរចិត្តសាស្រ្តមួយចំនួន ហើយពួកគាត់ជាអ្នកសម្រួលសម្រួលរង្វង់ចំនួន៣០ ក្នុងថ្ងៃវេទិកានេះ»។
លោកស្រីបន្តថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បន្ថែមពីនេះ អង្គការវែល កំពុងតែសហការជាអង្គការ CARE Cambodia ក្នុងការបណ្តុះបណ្តាល និស្សិតចិត្តវិទ្យា និងក្រុមបង្គោលនៃសហគមន៍ភៀសសឹកដើម្បីអាចក្លាយជាអ្នកសម្របសម្រួលរង្វង់គាំទ្រនេះ ក្នុងការគាំទ្រសុខុមាលភាពផ្លូវចិត្តទៅដល់ប្រជាពលរដ្ឋដែលប៉ះទង្គិចផ្លូវចិត្តដោយសារការឈ្លានពាននៅតាមព្រំដែនផងដែរ។ អង្គការវែលចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម តាមរយៈការបណ្តុះ និងគាំទ្រាភាពជាអ្នកដឹកនាំ និងសហគ្រិនភាពដែលគិតគូរពីសុខុមាលភាពផ្ទាល់ខ្លួន គ្រួសារ ស្ថាប័ន និងសង្គម។ ក្នុងឆ្នាំ ២០២៦ នេះ អង្គការវែលនឹងបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត កម្មករ និងម្ចាស់អាជីវកម្មក្នុងការទទួលបានចំណេះដឹង និងបទពិសោធន៍ក្នុងការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំប្រកបដោយសុខុមាលភាព។
គួរបញ្ជាក់ថា កម្មវិធីវេទិកាសុខមាលភាពយុវជនលើកទី 2ប្រចាំឆ្នាំ2026ក្រោមប្រធានបទ "ការរួមគ្នាបង្កើតភាពរឹងមាំក្នុងគ្រាលំបាក" ត្រូវបានរៀបចំដោយអង្គការវែល សហការជាមួយវិទ្យាស្ថាន ថាក់ក្លូប៊ល ដែលមានការចូលរួមជាគណៈអធិបតី ពីសំណាក់លោកស្រី ផល កល្យាណា សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការវែល និងលោក ឡុង សុផេង ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានថាក់ គ្លូប៊ល ព្រមទាំងស្ថាប័នដៃគូ និងយុវនិស្សិតចំនួន ១៥០ នាក់៕