អ៊ីរ៉ង់៖ ប្រមុខរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានព្រមាន និងឆ្លើយតបទៅកាន់លោក ដូណាល់ ត្រាំ យ៉ាងច្បាស់លាស់ និងមិនស្ទាក់ស្ទើរថាអ៊ីរ៉ង់បានត្រៀមខ្លួនសម្រាប់សង្រ្គាមជាមួយអាម៉េរិករួចជាស្រេចប្រសិនបើអាម៉េរិកពិតជាចង់សាកល្បងសង្រ្គាមពិតប្រាកដជាមួយគ្នា។ ការព្រមានរបស់លោកនេះធ្វើឡើងក្រោយពីលោកដូណាល់ត្រាំបានបញ្ជូនយន្តហោះច្បាំងរាប់សិបគ្រឿងទៅកាន់មូលដ្ឋានទ័ពអាម៉េរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។
បើតាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ លោកសង្ឃឹមថាអាម៉េរិកនឹងជ្រើសរើស «ជម្រើសដ៏ឈ្លាសវៃ» នៃការសន្ទនាតែអ៊ីរ៉ង់ក៏មិនខ្លាចក្នុងការប្រើកម្លាំងយោធាជាមួយសហរដ្ឋអាម៉េរិកដូចគ្នាលោកបញ្ជាក់ទៀតថាប្រទេសរបស់លោកត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាម ប្រសិនបើអាម៉េរិកចង់សាកល្បងជាមួយគ្នា។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ Al Jazeera Arabic កាលពីថ្ងៃចន្ទ លោក Araghchi បានបញ្ជាក់ទៀតថា បណ្តាញទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិកត្រូវបានបើកចំហរជានិច្ចសម្រាប់ដោញស្រាយដោយសន្តិវិធី ប៉ុន្តែប្រទេសរបស់លោកក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ជម្រើសទាំងអស់ដោយអះអាងថា អ៊ីរ៉ង់ឥឡូវនេះមានការត្រៀមខ្លួនយោធាដ៏ធំ និងទូលំទូលាយបើប្រៀបធៀបទៅនឹងសង្គ្រាម ១២ ថ្ងៃកាលពីឆ្នាំមុន៕