ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ សរុបចំនួន ៤០០នាក់ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ ក្រោយពេលបញ្ចប់ការសិក្សាដោយជោគជ័យ និស្សិតនិង សិស្សនគរបាលអាហារូបករណ៍នឹងត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ព្រមទាំងចាត់បញ្ជូនទៅបម្រើការងារនៅតាមអង្គភាពនគរបាល។
យោងតាមគេហទំព័រក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រសួងនឹងរៀបចំការប្រឡងប្រជែងដើម្បីជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ចំនួន ៤០០នាក់ ដើម្បីចូលសិក្សាថ្នាក់បរិញ្ញាបត្រ វិទ្យាសាស្ត្រនគរបាល (រយៈពេល៤ឆ្នាំ) ចំនួន ២០០នាក់ ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល (រយៈពេល២ឆ្នាំ) ចំនួន ១០០នាក់ ថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល (រយៈពេល១ឆ្នាំ) ចំនួន ១០០នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ បេក្ខជននឹងឆ្លងកាត់ការប្រឡងវិញ្ញាសា ចំណេះដឹងទូទៅ និងចំណេះដឹងទូទៅទាក់ទងនឹងកិច្ចការនគរបាលនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលមណ្ឌលប្រឡង គឺធ្វើឡើងនៅបណ្ឌិត្យសភានគរបាលកម្ពុជា។
លក្ខខណ្ឌនៃការជ្រើសរើស រួមមានតម្រូវឱ្យបេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់ សម្រាប់ការជ្រើសរើសអាហារូបករណ៍ដើម្បីចូលបម្រើការងារនៅអង្គភាពថ្នាក់ក្រសួង។ បេក្ខជនត្រូវមានទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់នៅភូមិសាស្រ្តរាជធានី ខេត្តដែលមានការជ្រើសរើស សម្រាប់ ការជ្រើសរើសអាហារូបករណ៍ ដើម្បីចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ព្រមទាំងមានជីវប្រវត្តិច្បាស់លាស់ មានកិរិយាមារយាទល្អ និងពុំធ្លាប់មានទោស ហើយមានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ (ឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និងតេស្តរកសារធាតុញៀន) នៅលីវ (ចាប់ពីពេលដាក់ពាក្យប្រឡង រហូតដល់ពេលបញ្ចប់ការសិក្សា)។ បន្ថែមពីនេះ បេក្ខជនមិនមានស្លាកស្នាមរបួស ឬស្លាកស្នាមសាក់ សម្រាប់បុរសមានកម្ពស់ ១,៧០ម៉ែត្រឡើង នារីមានកម្ពស់១,៦៥ម៉ែត្រឡើង និងមានទម្ងន់សមាមាត្រ នឹងកម្ពស់ និង មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ មានអាយុចាប់ពី ១៦ឆ្នាំ ដល់ ២៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង សម្រាប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល និងថ្នាក់សញ្ញាបត្រ មធ្យមឯកទេសនគរបាល។
បើតាមក្រសួងមហាផ្ទៃ ទីកន្លែងផ្តល់ពាក្យនិងទទួលពាក្យស្ថិតនៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅភូមិស្លៀកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ផ្លូវជាតិលេខ១ ចម្ងាយ ២៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ ហើយបេក្ខជនទាំងពីរភេទត្រូវត្រៀមសម្លៀកបំពាក់និងស្បែកជើងកីឡាសម្រាប់ការរត់ចម្ងាយ។ ការផ្តល់ពាក្យគឺចាប់ពីថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ចំណែក កាលបរិច្ឆេទទទួលពាក្យ ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ការផ្តល់ពាក្យនឹងបែងចែកទៅតាមរាជធានី ខេត្ត ដែលជាអាសយដ្ឋានអចិន្ត្រៃយ៍របស់បេក្ខជន ដូចខាងក្រោម៖
• ថ្ងៃទី២១ ទី២៣ និងទី២៥ ខែមករា ឆ្នាំ២០២៦ សម្រាប់បេក្ខជនមកពីខេត្តកំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រៃវែង និងស្វាយរៀង
• ថ្ងៃទី២២ ទី២៤ និងទី២៦ ខែមករា ឆ្នាំ២០២៦ សម្រាប់បេក្ខជនមកពីរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពត កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ កែប ព្រះសីហនុ និងកោះកុង
• ថ្ងៃទី២៧ ទី២៩ និងទី៣១ ខែមករា ឆ្នាំ២០២៦ សម្រាប់បេក្ខជនមកពីខេត្តកំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រៃវែង និងស្វាយរៀង
• ថ្ងៃទី២៨ ទី៣០ ខែមករា និងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ សម្រាប់បេក្ខជនមកពីរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពត កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ កែប ព្រះសីហនុ និងកោះកុង។
ក្រសួងបានគូសបញ្ជាក់ថា បេក្ខជនម្នាក់ៗតម្រូវឱ្យចុះឈ្មោះតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីស្នើសុំសិទ្ធិប្រឡងប្រជែង ដោយត្រូវ បំពេញព័ត៌មានបឋមតាមតំណភ្ជាប់ (https://gdhr.interior.gov.kh/appform/request?recruit=student) ឬស្តែន QR CODE រួចបោះពុម្ព(Print)បង្កាន់ដៃស្នើសុំពាក្យ ដើម្បីបង្ហាញដល់អនុគណៈកម្មការផ្តល់ពាក្យ ទទួលពាក្យបេក្ខជននៅទីកន្លែងផ្តល់ពាក្យសុំប្រឡងប្រជែងចូលសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា។ នៅពេលបេក្ខជនម្នាក់ៗ មកទទួលពាក្យប្រឡងប្រជែងចូលសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចជា បង្កាន់ដៃស្នើសុំពាក្យ ដែលបានស្នើសុំតាមប្រព័ន្ធបច្ចេកវិទ្យា១ច្បាប់, សញ្ញាបត្រ ឬលិខិតបញ្ជាក់ការសិក្សា(ច្បាប់ដើមនិងថតចម្លង)១ច្បាប់, សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត(ច្បាប់ដើមនិងថតចម្លង)១ច្បាប់, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(ច្បាប់ដើមនិងថតចម្លង) ១ច្បាប់, សៀវភៅស្នាក់នៅ (ច្បាប់ដើមនិងថតចម្លង) ១ច្បាប់៕