ភ្នំពេញ៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ប្រកាសផ្តល់ឱកាសផ្លាស់ប្តូរការសិក្សារដូវក្តៅដល់គ្រូបង្រៀន និងបុគ្គលិក ក្នុងវិស័យអប់រំកម្រិតមធ្យមសិក្សានៅក្នុងកម្មវិធីការសិក្សានៅវិទ្យាស្ថានសហរដ្ឋអាម៉េរិក (SUSI) នៅសហរដ្ឋអាម៉េរិករយៈពេលប្រាំសប្តាហ៍ ដើម្បីពង្រឹងការយល់ដឹង សង្គម វប្បធម៌ តម្លៃ និងស្ថាប័ននានារបស់សហរដ្ឋអាម៉េរិក។
យោងតាមគេហទំព័រផ្លូវការរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានប្រកាសឱ្យដឹងថាតាមរយៈការចូលរួមកម្មវិធីនេះបេក្ខជន នឹងមានឱកាសស្វែងយល់ និងសិក្សាអំពីស្ថាប័ននានានៅសហរដ្ឋអាម៉េរិកតាមរយៈការបើកឱ្យមានវេទិការពិភាក្សា សិក្ខាសាលា និងការពិភាក្សាជាមួយអ្នកជំនាញដែលធ្វើការនៅក្នុងវិស័យអប់រំ លើសពីនេះបេក្ខជនទាំងអស់នឹងបានស្វែងយល់ស៊ីជម្រៅអំពី សង្គម ស្ថាប័ន ប្រវត្តិសាស្ត្រ រដ្ឋធម្មនុញ្ញ និងវប្បធម៌ តាមរយៈការសិក្សានៅតាមទីតាំងប្រវត្តិសាស្ត្រនានា និងការផ្លាស់ប្តូរវប្បធម៌គ្នា។ ដើម្បីដាក់ពាក្យចូលរួមកម្មវិធី និងទទួលបានពត៌មានបន្ថែម បេក្ខជនអាចចូលទៅកាន់ តំណរភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៦។
បើតាមប្រភពដដែល ដើម្បីដាក់ពាក្យចូលរួមកម្មវិធីនេះ បេក្ខជនត្រូវតែជាគ្រូបង្រៀនឬបុគ្គលិកវិស័យអប់រំកម្រិតមធ្យមសិក្សា ដែលមានអាយុចន្លោះពី៣០ ដល់៥០ឆ្នាំ និងភាពស្ទាត់ជំនាញក្នុងភាសាអង់គ្លេស។ មួយវិញទៀតជាបេក្ខជនដែលពុំធ្លាប់មានបទពិសោធន៍រទៅនិងរស់នៅ ឬរស់នៅសហរដ្ឋអាម៉េរិករយៈពេលខ្លី មានឆន្ទៈ និងពេលវេលាគ្រប់គ្រាន់សម្រាប់ចូលរួមកម្មវិធីទាំងមូល ព្រមទាំងមានគោលបំណងបញ្ចូលការបង្រៀនអំពីសហរដ្ឋអាម៉េរិកចូលទៅក្នុងកម្មវិធីបង្រៀនរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា ការចំណាយទាំងអស់នឹងគាំទ្រដោយកម្មវិធី។ មួយវិញទៀតអ្នករស់នៅអចិន្ត្រៃយ៍ ( កាន់ប័ណ្ណបៃតង ) នឹងមិនអនុញ្ញាតិឱ្យចូលរួមឡើយ។កម្មវីធីទាំងមូលរពឹងថាបេក្ខជននឹងអាចបង្រៀនអំពីសហរដ្ឋអាម៉េរិកកាន់តែល្អប្រសើរពេលត្រឡប់មកកាន់ប្រទេសរបស់ខ្លូនវិញ៕