ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពី ការផ្តល់ហិរញ្ញប្បទានឥតសំណង មានទឹកប្រាក់ប្រមាណ ១១លានដុល្លារអាម៉េរិកដល់កម្ពុជា សម្រាប់អនុវត្តគម្រោងបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន នៅខេត្តគោលដៅចំនួន៣ ។
លោក ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងលោក UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោង«សមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី៣ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយគាំទ្រដល់អង្គភាព CMAC ដែលមានទឹកប្រាក់ចំនួន១.៧០០.០០០.០០០ យ៉េន(មួយពាន់ប្រាំពីររយលានយ៉េន) ប្រមាណជាង១១ លានដុល្លារអាម៉េរិក។
គម្រោងនេះ សម្រាប់កិច្ចប្រតិបត្តិការគាំទ្រដល់អង្គភាព CMAC នៅខេត្តគោលដៅចំនួន៣ គឺខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង ព្រមទាំងមានរយៈពេលអនុវត្តគម្រោងចំនួន២ឆ្នាំ ខែមករា ២០២៦ - ១៥ មករា ២០២៨៕