កំពង់ចាម៖ មន្ទីរសាធារណការខេត្តកំពង់ចាម នាថ្ងៃទី១០ មករា បានប្រកាសផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីគ.ម៤៣+៣០០ ដល់គ.ម៤៥+៥០០ (ចាប់ពីរង្វង់មូលសេះ ដល់រង្វង់មូលស្ពានគីហ្សូណា) ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ខណៈគម្រោងស្ថាននាផ្លូវបេតុងសសៃដែកលើកំណាត់ផ្លូវនេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។
បើតាមមន្ទីរសាធារណការ បានបញ្ជាក់ថា លោកអភិបាលខេត្តកំពង់ចាម បានឯកភាពលើលិខិតសំណើររបស់ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ ចិន (CRBC) ដោយស្នើសុំការបង្វែរទិសដៅ និងត្រួតពិនិត្យសម្រួលចរាចរណ៍សម្រាប់ផ្នែកទីប្រជុំជនខេត្តកំពង់ចាម។ ក្រុមហ៊ុនមានគម្រោងអនុវត្តការងារស្ថាបនាផ្លូវបេតុងសសៃដែក លើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីគ.ម៤៣+៣០០ ដល់គ.ម៤៥+៥០០ (រង្វង់មូលសេះ ដល់រង្វង់មូលស្ពានគីហ្សូណា) ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ ក្នុងអំឡុងពេលស្ថាបនា នឹងមានតែផ្លូវសម្រាប់ធ្វើចរាចរណ៍តែមួយ ចំហៀងប៉ុណ្ណោះ ដែលមានទទឹង៧,៥ម៉ែត្រ។
ដោយហេតុនេះ មន្ទីរសាធារណការ មិនអនុញ្ញាតឱ្យរថយន្តធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពី គ.ម៤៣+៣០០ ដល់គ.ម៤៥+៥០០ (រង្វង់មូលសេះ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម) ។ ករណីរថយន្តធុនធ្ងន់ដែលធ្លាប់ធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៧ ឆ្លងកាត់ គ.ម៤៣+៣០០ ដល់គ.ម៤៥+៥០០ (រង្វង់មូលសេះ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម) ត្រូវបង្វែរចរាចរណ៍ ទៅកាន់ ផ្លូវជាតិលេខ៨ ឬ ផ្លូវជាតិលេខ១១ ឬ ផ្លូវជាតិលេខ៧១សេ វិញ។ សម្រាប់រថយន្តគ្រួសារ (ទេសចរណ៍) និងទោចក្រយានយន្ត អាចធ្វើចរាចរណ៍បានជាធម្មតា៕