ភ្នំពេញ៖ កម្មវិធី Technovation Girls Cambodia x Future Digital Talents ផ្តល់ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានអាយុពី ៨ ដល់ ១៨ឆ្នាំ ដែលមានបំណងចង់ចេះបង្កើត Mobile App ដើម្បីអាចដោះស្រាយបញ្ហានៅក្នុងសហគមន៍ និងសកលលោក និងចង់ក្លាយជាសហគ្រិនវ័យក្មេង។ កម្មវិធីនឹងបណ្តុះបណ្តាលសិស្សានុសិស្ស រយៈពេល ១២សប្តាហ៍ លើជំនាញសំខាន់ៗ ចំនួន៥ ដូចជា ការបង្កើតគំនិត ការសរសេរកូដ សហគ្រិនភាព ការធ្វើបទបង្ហាញ និង បញ្ញាសិប្បនិម្មិត។
យោងតាមគេហទំព័រផ្លូវការក្រសួងអប់រំ បានឱ្យដឹងថា កម្មវិធី Technovation Girls Cambodia x Future Digital Talents គឺជាកម្មវិធីប្រកួតប្រជែងលំដាប់ថ្នាក់អន្តរជាតិ សិក្សាក្រៅម៉ោងសិក្សា ដោយផ្អែកលើគម្រោងដែលផ្តល់ឱកាសឱ្យក្មេងស្រីអាយុចាប់ពី៨ឆ្នាំ ដល់១៨ឆ្នាំ ទទួលបានការអប់រំផ្នែកបចេ្ចកវិទ្យា បញ្ញាសិប្បនិម្មិត និងសហគ្រិនភាពដោយបម្លែងគំនិតអាជីវកម្ម របស់ពួកគាត់ទៅជាកម្មវិធីទូរសព្ទដៃ ដើម្បីអាចដោះស្រាយបញ្ហានៅក្នុងសហគមន៍ និងសកលលោក។
បើតាមប្រភពដដែល លក្ខខណ្ឌដែលអាចដាក់ពាក្យចូលរួមតម្រូវឱ្យសិស្សមានអាយុ ៨-១៨ ឆ្នាំ (រៀននៅសាលារដ្ឋ ឬឯកជន) ដែលត្រូវបង្កើតជាក្រុមដែលមានសមាជិក ២-៥ នាក់ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលទាំង១២សប្តាហ៍។ ការបណ្តុះបណ្តាលរយៈពេល ១២សប្តាហ៍ នឹងផ្តោតលើជំនាញសំខាន់ៗ ចំនួន៥ គឺ៖ ១. Ideation (ការបង្កើតគំនិត) ២. Coding (ការសរសេរកូដ) ៣. Entrepreneurship (សហគ្រិនភាព) ៤. Pitching (ការធ្វើបទបង្ហាញ) ៥. AI (បញ្ញាសិប្បនិម្មិត)។
បើតាមគេហទំព័រផ្លូវការនៃ Technovation Cambodia ក្នុងរយៈពេល ១១ ឆ្នាំមកនេះ កម្មវិធីបានបង្កើតនូវវេទិកាមួយដែលអនុញ្ញាតឱ្យសិស្សានុសិស្សបានស្វែងយល់ពីសក្ដានុពលរបស់ខ្លួនឯង និងរៀនដោះស្រាយបញ្ហាសង្គមតាមរយៈបច្ចេកវិទ្យា។ ជាក់ស្ដែង ក្នុងរយៈពេលត្រឹមតែ ៥ ឆ្នាំចុងក្រោយនេះ សិស្សានុសិស្សជាង ៣,០០០ នាក់បានចូលរួមអភិវឌ្ឍជំនាញបច្ចេកវិទ្យា និងសហគ្រិនភាព ក្រោមការណែនាំយ៉ាងជិតស្និទ្ធពីគ្រូណែនាំ។ លើសពីវេទិការសម្រាប់យុវជនបញ្ចេញសមត្ថភាពទៅទៀត កម្មវីធីនេះ បានផ្ដល់ជាបណ្តាញទំនាក់ទំនងមួយដែលប្អូនៗអាចភ្ជាប់ចំណងមិត្តភាពថ្មីៗជាច្រើន និងទទួលបានការណែនាំពីលោកគ្រូអ្នកគ្រូ ដើម្បីរួមគ្នាសិក្សាទៅលើបញ្ហាក្នុងសង្គម និងសកលលោក និងបង្កើតដំណោះស្រាយឌីជីថល ក្នុងរូបរាងជាកម្មវិធីទូរសព្ទដៃ។
Technovation Cambodia បានគូសបញ្ជាក់ថា ក្រុមដែលបង្ហាញសមត្ថភាពល្អបំផុត ទាំងបុរស និងនារី ក្នុងការប្រកួតថ្នាក់ជាតិ នឹងទទួលបានដំណើរទស្សនកិច្ចសិក្សាទៅក្រៅប្រទេស។ ចំណែកឯ សម្រាប់ក្រុមនារី ប្រសិនបើជាប់នៅក្នុងវគ្គជម្រុះនៃកម្មវិធីប្រកួតតេណូវេសិនពិភពលោក (Technovation Global) នឹងមានឱកាសទៅចូលរួមកម្មវិធី World Summit 2026 ដោយផ្ទាល់ ដែលជាលើកដំបូងបំផុតនឹងប្រារព្ធធ្វើឡើងនៅទីក្រុង Bengaluru ប្រទេសឥណ្ឌា ដើម្បីប្រកួត និងឡើងធ្វើបទបង្ហាញលើឆាកអន្តរជាតិ។
គួរបញ្ជាក់ថា ដើម្បិអាចដាក់ពាក្យ សិស្សអាចចុះឈ្មោះតាមរយៈតំណភ្ជាប់៖ https://bit.ly/TCxFDT-2026 ឱ្យបានមុនថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦។ សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីកម្មវិធីនេះ សិស្សថែមទាំងអាចសាកសួរនៅក្នុង Telegram Group តាមរយៈ [https://t.me/+9TgVCrjIuMNiNDZl] ឬ អានព័ត៌មានបន្ថែមក្នុងគេហទំព័រ៖ https://techforkids.asia/en៕