ភ្នំពេញ៖ គណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅថ្ងៃទី១០ មករា សហការជាមួយនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំវេទិកាពិភាក្សាស្តីពី «សំឡេងអន្តរសាសនាដើម្បីប រិស្ថានស្អាត៖និយាយថា “ទេ” ចំពោះផ្លាស្ទិក - Interfaith Voices for a Clean Environment: Say "No" to Plastic"»នៅសាលទន្លេសាប អគារខេមរវិទូ រាជបណ្ឌិត្យសភាកម្ពុជា ។
លោក កែវ ពិសិដ្ឋ (សេម) សមាជិកគណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ បានលើកឡើងថា កម្មវិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន ជាពិសេសបញ្ហាកាកសំណល់ផ្លាស្ទិក ដែលកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធម្មជាតិ សុខភាពមនុស្ស និងជីវិតសត្វទាំងឡាយ។ លោកបានបន្ថែថា ការជ្រើសរើសប្រធានបទ “អន្តរសាសនា” បង្ហាញឲ្យឃើញថា សាសនាទាំងឡាយមានសំឡេងរួមគ្នា និងទំនួលខុសត្រូវរួម ក្នុងការថែរក្សាបរិស្ថាន ដែលជាមរតករួមរបស់មនុស្សជាតិ។
ទន្ទឹមនឹងនេះ ព្រះសិរីកោសល សុំ សុខា ប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ មានសង្ឃដីកាថា បញ្ហាកាកសំណល់ផ្លាស្ទិក កំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរបំផុតមួយ នៅលើពិភពលោកសព្វថ្ងៃនេះ។ ផ្លាស្ទិកមិនត្រឹមតែបំពុលដី ទឹក និងខ្យល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញប្រព័ន្ធអេកូឡូស៊ីសមុទ្រ សត្វទឹក និងចុងក្រោយបំផុត វាក៏ត្រឡប់មកប៉ះពាល់ដល់សុខភាពមនុស្ស។ ក្នុងទស្សនៈព្រះពុទ្ធសាសនា ការថែរក្សាបរិស្ថាន គឺជាការអនុវត្តធម៌ដ៏សំខាន់។ ការមិនបំពុលធម្មជាតិ គឺជាការមិនបង្កទុក្ខដល់សត្វទាំងឡាយ និងមនុស្សជាតិ។ សាសនាទាំងអស់ មិនថាព្រះពុទ្ធសាសនា គ្រីស្ទសាសនា ឬអ៉ីស្លាមសាសនា សុទ្ធតែមានគោលការណ៍រួមគ្នា គឺការលើកកម្ពស់សីលធម៌ ទំនួលខុសត្រូវ និងការរស់នៅដោយចីរភាព។
រីឯលោក អ៉ិត ប្រាង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានលើកឡើងដែរថា វេទិកាខាងលើនេះ នឹងមិនត្រឹមតែបញ្ចប់នៅក្នុងសាលប្រជុំនេះប៉ុណ្ណោះទេ ប៉ុន្តែអាចត្រូវបានបន្តផ្សព្វផ្សាយទៅកាន់វត្តអារាម សហគមន៍ សាលារៀន ស្ថាប័នសាសនា និងយុវជនទូទាំងប្រទេស ដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរឥរិយាបថជាក់ស្តែង ចាប់ផ្តើមពីការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកប្រចាំថ្ងៃ ការរើសយកជម្រើសដែលមិនបំផ្លាញបរិស្ថាន និងការចូលរួមថែរក្សាធម្មជាតិជាទៀងទាត់។ ដូច្នេះ វេទិកាពិភាក្សានេះ មានគោលបំណងបង្កើត សំឡេងរួមរបស់អន្តរសាសនា ដើម្បីជំរុញការយល់ដឹង និងការចូលរួមពីសាធារណជន ក្នុងការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក ចាប់ផ្តើមពីខ្លួនយើង ក្រុមគ្រួសារ សាលារៀន វត្តអារាម សហគមន៍ និងស្ថាប័ននានា៕