ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចហាមឃាត់មិនអនុញ្ញាតឱ្យមាន«ការលក់ដូរ»ឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចើមផ្លូវ និង ទ្រូងផ្លូវសាធារណៈ នៅមហាវិថីមុនីរ៉េត មហាវិថីម៉ៅសេទុង និងតំបន់ជុំវិញផ្សារដើមគរ ព្រមទាំងតំបន់ពាក់ព័ន្ធជុំវិញ ចាប់ពីថ្ងៃទី ១៨ មករា ឆ្នាំ២០២៦ខាងមុខនេះ។ អាជីវករ ត្រូវប្តូរទៅលក់ដូរនៅផ្សារបោះដុំបន្លែផ្លែឈើ (ផ្សារដើមគរថ្មី) ក្រោមការសម្របសម្រួលពីរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលបានអត្ថប្រយោជន៍ជាច្រើន។
យោងតាមរដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ដើម្បីលើកកម្ពស់សោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធ និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញនឹងមិនអនុញ្ញាតឱ្យមានការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ នៅមហាវិថីមុនីរ៉េត មហាវិថីម៉ៅសេទុង និងតំបន់ជុំវិញផ្សារដើមគរ ព្រមទាំងតំបន់ពាក់ព័ន្ធជុំវិញ។
ជាមួយគ្នានោះ អាជ្ញាធរស្វាគមន៍អាជីវករដែលបានស្ម័គ្រចិត្តមកលក់ដូរនៅផ្សារបោះដុំបន្លែផ្លែឈើ (ផ្សារដើមគរថ្មី) ក្រោមការសម្របសម្រួលពីរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលបានអត្ថប្រយោជន៍ជាច្រើនមានជាអាទិ៍ អនុគ្រោះ ពុំមានការបង់ថ្លៃតូប រហូតដល់២ឆ្នាំ ពុំតម្រូវប្រាក់កក់ ហើយក្រោយ២ឆ្នាំ តម្លៃតូបត្រឹមតែ៣០ដុល្លារ និងប្រើទឹកភ្លើង ដោយឥតគិតថ្លៃរហូតដល់៦ខែ។
គួរបញ្ជាក់ថា ផ្សារដើមគរ គឺជាផ្សារធំមួយនៅក្នុងរាជធានីភ្នំពេញ ក្នុងការបែងចែកបន្លែ ផ្លែឈើ នៅក្នុងរាជធានីភ្នំពេញ និងបញ្ជូនទៅបណ្ដាខេត្តក្រុងមួយចំនួនទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។តែក្រោយមកអាជ្ញាធរ បានរៀបចំ «ផ្សារដើមគរថ្មី» លើផ្ទៃដី ៣០ហិកតា ស្ថិតនៅតាមបណ្តោយ មហាវិថីឈ្នះ-ឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និង ត្រូវប្រសិទ្ធនាមថា មជ្ឈមណ្ឌលពាណិជ្ជកម្ម អាស៊ាន-អន្តរជាតិ ឬផ្សារដើមគរថ្មី៕