681 ezgif.com resize
Swift cc time

គណៈប្រតិភូក្បួនរថយន្តអាស៊ាន មើលឃើញកម្ពុជាជា«ប្រទេសមានសុខសុវត្ថិភាព» ខណៈធ្វើដំណើរទេសចរណ៍ពីម៉ាឡេស៊ីមកកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ គណៈប្រតិភូក្បួនរថយន្តអាស៊ាន The Trans ASEAN MADANI Convoy នាថ្ងៃទី៨ មករា បានបញ្ចេញចំណាប់អារម្មណ៍ថា វាជាការធ្វើដំណើរទេសចរណ៍ឆ្ងាយមួយពីម៉ាឡេស៊ីមកកម្ពុជា ប៉ុន្តែបានប្រព្រឹត្តទៅដោយរលូន និងសុខសុវត្ថិភាព។ ការលើកឡើងនេះ ធ្វើឡើងកំឡុងពេលក្បូនរថយន្ត ធ្វើដំណើរឆ្លងកាត់៤ប្រទេស៖ ម៉ាឡេស៊ី ថៃ ឡាវ និងកម្ពុជា។

ក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូក្បួនរថយន្តអាស៊ាន The Trans ASEAN MADANI Convoy បានជួបសំដែងការគួរសម និងរាយការណ៍ពីចំណាប់អាម្មរណ៍លើដំណើរពីប្រទេសម៉ាឡេស៊ីមកដល់ប្រទេសកម្ពុជានាពេលនេះ ដោយលើកឡើងថា វាជាការធ្វើដំណើរទេសចរណ៍ឆ្ងាយមួយពីម៉ាឡេស៊ីមកកម្ពុជា ប៉ុន្តែបានប្រព្រឹត្តទៅដោយរលូន និងសុខសុវត្ថិភាព។

ទន្ទឹមនឹងនេះ លោកប្រធានគណៈប្រតិភូ បានប្រាប់ពីគោលបំណងនៃ The Trans ASEAN MADANI Convoy ដែលមានគោលដៅពាំនាំនូវសារជាសកលពីសន្តិភាព កិច្ចសហប្រតិបត្តិការរួមគ្នា ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងការផ្សព្វផ្សាយ និងជម្រុញវិស័យទេសចរណ៍ សម្រាប់តំបន់អាស៊ានដែលត្រូវចូលរួមទាំងអស់គ្នាឱ្យក្លាយជាតំបន់ដែលមានសន្តិភាពបំផុតមួយលើពិភពលោក។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូដែលបានជ្រើសរើសធ្វើដំណើរមកទស្សនកិច្ចផ្ទាល់នៅប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីសភាពការណ៍ពិត កត្តាសុខសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធតភា្ជប់ល្អប្រសើរ សុវត្ថិភាពផ្តល់ជូនដល់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរអន្តរជាតិ ស្ថានភាពសេដ្ឋកិច្ច និងសង្គមដែលវិលទៅរកប្រក្រតីភាពដូចមុន។

គួរបញ្ជាក់ថា ក្បូនរថយន្តនេះ ធ្វើដំណើរឆ្លងកាត់៤ប្រទេស៖ ម៉ាឡេស៊ី ថៃ ឡាវ និងកម្ពុជា ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដោយមានរថយន្តចូលរួមពីប្រទេសនីមួយៗ ១២ គ្រឿង សរុបអ្នកចូលរួមជាង២០០រូប។ កម្មវិធីនេះ ក៏ត្រូវបានរៀបចំឱ្យស្របជាមួយយុទ្ធនាការ Visit Malaysia Year 2026 ដែលត្រូវបានប្រកាសបើកជាផ្លូវការដោយឯកឧត្តម Datuk Seri Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ីកាលពីខែកញ្ញា ឆ្នាំ២០២៥ កន្លងមក៕


Khcct banner

អត្ថបទទាក់ទង