ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ ជ្រើសរើសនិស្សិតអាហារូបករណ៍ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថលចំនួន ៥០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដើម្បីជំរុញការកសាងធនធានមនុស្សឆ្នើមលើជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់ចូលរួមអនុវត្ត យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥។
យោងតាមសេចក្តីជូនដំណឹងនៃក្រសួងប្រៃសណីយ៍ បានឱ្យដឹងថា ការជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០នាក់ ស្មើនឹង ២ ថ្នាក់ គឺដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀន ជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្នុងគោលបំណងបង្កើនធនធាន គ្រូឧទ្ទេសផ្នែកបច្ចេកវិទ្យាឌីជីថល សម្រាប់គាំទ្រការបណ្តុះបណ្តាលបច្ចេកវិទ្យាឌីជីថល។
បើតាមក្រសួងប្រៃសណីយ៍ អត្ថប្រយោជន៍នៃការសិក្សា និស្សិតជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍នៃការសិក្សាដូចជា ទទួលបានចំណេះដឹងលើបច្ចេកវិទ្យាឌីជីថលដែលមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារបច្ចុប្បន្ន, ទទួលបានឱកាសធ្វើការស្រាវជ្រាវលើបច្ចេកវិទ្យាឌីជីថល ដូចជា ផ្នែកបញ្ញាសិប្បនិម្មិត សន្តិសុខសាយបរ និងវិទ្យាសាស្ត្រទិន្នន័យ, ទទួលបានឱកាសចុះកម្មសិក្សាស្រាវជ្រាវ និងបន្តការសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យដៃគូបរទេស ដូចជា បារាំង ជប៉ុន ចិន និងកូរ៉េ ជាដើម។ ជាពិសេស សិស្សនឹងទទួលបានឱកាសការងារជា គ្រូឧទ្ទេសផ្នែកបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភា CADT និង/ឬបំពេញការងារ ជាគ្រូឧទ្ទេសផ្នែកបច្ចេកវិទ្យាឌីជីថលនៅតាមគ្រឹះស្ថាននានាតាមការចាត់តាំងដោយ ក.ប.ទ.។ អាហារូបករណ៍នេះផ្តល់ជាអត្ថប្រយោជន៍មួយចំនួនដូចជា អាហារូបករណ៍សិក្សាដែលមានតម្លៃសរុបប្រមាណ ៨,០០០ ដុល្លារអាម៉េរិក, ប្រាក់ឧបត្ថម្ភថ្លៃស្នាក់នៅនិងហូបចុកប្រចាំខែក្នុងអំឡុងពេលសិក្សា, ឱកាសការងារជាជំនួយការគ្រូបង្រៀនអំឡុងពេលសិក្សានៅ CADT។
ចំណែកឯ លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជន និងបេក្ខនារីទាំងអស់ត្រូវបំពេញតាមលក្ខខណ្ឌដូចជា មានសញ្ញាបត្របរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ឬជំនាញដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល និងឆ្លងកាត់ការប្រឡងប្រជែងតាមប្រព័ន្ធកុំព្យូទ័រលើវិញ្ញាសា ដែលទាក់ទងទៅនឹងឯកទេសបច្ចេកវិទ្យាឌីជីថល និងភាសាអង់គ្លេស។ បន្ទាប់មកសិស្សនឹងឆ្លងកាត់ការសម្ភាសន៍ជាមួយគណៈកម្មការរៀបចំការជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ ចំពោះសបេក្ខជនដែលជាប់ក្នុងការជ្រើសរើស នឹងទទួលបានកញ្ចប់ឧបត្ថម្ភថ្លៃសិក្សា និងត្រូវចុះកិច្ចសន្យាការងារ ជា គ្រូឧទ្ទេសផ្នែកបច្ចេកវិទ្យាឌីជីថល ទៅតាមលក្ខខណ្ឌដែលកំណត់ដោយ ក.ប.ទ. សម្រាប់រយៈពេល ៧ឆ្នាំ។
គួរបញ្ជាក់ថា ដើម្បីអាចដាក់ពាក្យបាន បេក្ខជន និងបេក្ខនារីទាំងអស់ត្រូវដាក់ពាក្យស្នើសុំចូលសិក្សាតាមរយៈប្រព័ន្ធអនឡាញតាមរយៈ តំណភ្ជាប់ https://go.gov.kh/mptc/master26 ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី ដោយមានសំណុំឯកសារភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន, ប្រវត្តិរូបសង្ខេប (CV) និងលិខិតចំណាប់អារម្មណ៍ (Motivation Letter), សញ្ញាបត្របរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ឬជំនាញដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល (ច្បាប់ ថតចម្លងដោយមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច លើកលែងតែសញ្ញាបត្រដែលបានដាក់បញ្ចូល QR Code ស្តង់ដាដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល verify របស់រាជរដ្ឋាភិបាល) និងព្រឹត្តិបត្តពិន្ទុចាប់ពីឆ្នាំទី១ ដល់ឆ្នាំចុងក្រោយ (GPA យ៉ាងតិច ៣.០) ដោយមានការបញ្ជាក់ទទួលស្គាល់ ជាផ្លូវការ។ ក្រសួងបានគូសបញ្ជាក់ថា ការប្រឡងប្រជែងនឹងធ្វើឡើងនៅបណ្ឌិត្យសភា CADT តាមរយៈប្រព័ន្ធកុំព្យូទ័រ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមន្ត្រីទទួលបន្ទុកតាមរយៈទូរសព្ទលេខ ០៧៧ ៣៣៥ ៨៧៧ ឬអ៊ីមែល [email protected] នៅរៀងរាល់ម៉ោងធ្វើការ៕