ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា អំពាវដល់យុវជនដែលជាកម្លំាងស្នូលរបស់ប្រទេសជាតិ ក៏ដូចជាពលរដ្ឋទូទៅ ប្រែក្លាយឱកាសឈឺចាប់ពីការឈ្លានពានរបស់ប្រទេសថៃលើអធិបតេយ្យកម្ពុជា ជាឱកាសក្នុងការពង្រឹងចំណេះដឹង ពង្រឹងសមត្ថភាព ពង្រឹងសេដ្ឋកិច្ច ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ជឿនលឿនទៅមុខបន្ថែមទៀត។
សម្តេចបានគូសបញ្ជាក់ថានៅគ្រាលំបាកនេះ យើងមិនត្រូវដេកដួល តាមសភាពការណ៍នោះឡើយ។ មានន័យថា អ្នកត្រូវសិក្សា ត្រូវខិតខំសិក្សារៀនសូត្រឱ្យកាន់តែខ្លំាង អ្នកប្រកបអាជីវកម្មរកទទួលទាន ត្រូវខិតខំពង្រីកចង្វាក់ផលិតកម្ម របស់ខ្លួនធ្វើយ៉ាងណាឱ្យមានការរីកចម្រើន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនឆាប់រហ័សទៅមុខ។
ការអំពាវនាវរបស់ សម្តេចប្រធានរដ្ឋសភា បានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាស អញ្ជើញទទួលអំណោយសប្បុរសធម៌ពី លោក ម៉ៃ ចាន់នាង អគ្គនាយកក្រុមហ៊ុន Oudon Express រួមមានថវិកា១លានរៀល អង្ករ២តោន ទឹកបរិសុទ្ធ៥០កេស មី៥០កេស នំ៦កេសធំ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈសម្តេចប្រធានរដ្ឋសភា ដើម្បីចែកជូនដល់វីរៈកងទ័ព និងពលរដ្ឋភៀសសឹក។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់ លោកអគ្គនាយកក្រុមហ៊ុន Oudon Express ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ចូលរួមជាកម្លំាងសប្បុរសធម៌មហាគ្រួសារខ្មែរ ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីជួយសម្រាលការលំបាករបស់គ្រួសារវីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក។
សម្តេចបានលើកទឹកចិត្ត លោកម៉ៃ ចាន់នាង និងសហការីទំាងអស់ដែលជាយុវជន ក៏ដូចជាអ្នកវិនិយោគក្នុងស្រុកទំាងអស់ បន្តខិតខំប្រែក្លាយឱកាសឈឺចាប់ដែលកម្ពុជាកំពុងជួបប្រទះនេះ ក្លាយជាកាលានុវត្តន៍ថ្មី ក្នុងការពង្រឹងពង្រីកមុខរបរ ឬអាជីវកម្មរបស់ខ្លួន ឱ្យកាន់តែសម្បូរបែបឡើង ផ្គត់ផ្គង់តម្រូវការក្នុងស្រុកជំនួសរាល់ផលិតផលនាំចូល។ ការផលិតបាននូវផលិតផលដែលជាតម្រូវការរបស់ប្រជាពលរដ្ឋមិនត្រឹមជួយឱ្យសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិចម្រើនប៉ុណ្ណោះទេ ថែមទំាងធ្វើឱ្យកម្ពុជាមានឯករាជ្យនិងម្ចាស់ការលើគ្រប់វិស័យ។ សម្តេចបានសង្កត់ធ្ងន់ថា”សូមយើងទំាងអស់គ្នាសូមប្តូរការឈឺចាប់របស់យើងនាពេលនេះ ទៅជាភាពរឹងមាំនិងធន់របស់ជាតិយើង”។
អំណោយសប្បុរសធម៌ទាំងអស់ដែលរដ្ឋសភាទទួលបានពីសប្បុរជននានាបានធ្វើការបែងចែកជូនដល់រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានដូចជាខេត្តព្រះវិហារ ខេត្តឧត្តរមានជ័ន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង សម្រាប់ធ្វើការបែងចែកបន្តជូនវីរៈកងទ័ពនិងពលរដ្ឋភៀសសឹក។ ក្រៅពីនេះថវិកានិងសម្ភារមួយចំនួនទៀត សម្រាប់ចែកជូនវីរយុទ្ធជនដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងសម្រាប់ជូនក្រុមគ្រួសារវីរយុទ្ធជន ដែលបានពលីជីវិតជាដើម។
រដ្ឋសភានៅតែបន្តទទួលអំណោយសប្បុរសធម៌និងបន្តធ្វើការបែងចែកអំណោយទាំងអស់នោះ តាមគោលដៅតម្រូវការ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និងផ្សារភ្ជាប់ជានិច្ចរវាងយុទ្ធជនជួរមុខនិងពលរដ្ឋជួរក្រោយ៕