ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ ផ្តល់អាហារូបករណ៍១០០% ចំនួន ៧០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដល់សិស្សកំពុងសិក្សាផ្នែកទាក់ទងនឹងបច្ចេកវិទ្យាឌីជីថល ចាប់ពីឆ្នាំទី៣ឡើងទៅ ដើម្បីអភិវឌ្ឍជំនាញឌីជីថល សិក្សាជំនាញធំៗដូចជា Full Stack Web Development, Artificial Intelligence, Cybersecurity, Data Analytics, Spring Microservices and DevOps Engineering ជំនាន់ទី៣ នៅវិទ្យាស្ថាន សាយអិនស៍ អេន ថេកណឡជី អ៊ែតវ៉ានស៍ ឌីវេឡុបម៉ិន (ISTAD)។
យោងតាមគេហទំព័រ វិទ្យាស្ថាន សាយអិនស៍ អេន ថេកណឡជី អ៊ែតវ៉ានស៍ ឌីវេឡុបម៉ិន (ISTAD) បានឱ្យដឹងថា វិទ្យាស្ថានបានទទួលការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) តាមរយៈមូលនិធិ ស.អ. (CBRD Fund) ដែលនឹងកំពុងផ្តល់អាហារូបករណ៍ អភិវឌ្ឍជំនាញឌីជីថល ១០០% ជំនាន់ទី៣ ចំនួន ៧០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ អាហារូបករណ៍នេះផ្តល់ជូនការសិក្សាដោយឥតគិតថ្លៃ ទទួលបានអាជីពច្បាស់លាស់លើជំនាញនីមួយៗ ទទួលបានឱកាសទទួលនូវការចែករំលែកបទពិសោធន៍ របស់វាគ្មិនល្អៗ និងមានគំនិតបែបអាជីវកម្ម និងដឹកនាំ ព្រមទាំងទទួលបានឱកាសការងារនៅតាមបណ្តាក្រុមហ៊ុនទាំងរដ្ឋ និង ឯកជន ដែលជាដៃគូរបស់វិទ្យាស្ថានផងដែរ។ ជាពិសេស សិស្សអាចមានឱកាសបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅក្រៅប្រទេស។
បើតាមប្រភពដដែល លក្ខខណ្ឌនៃការចុះឈ្មោះ គឺតម្រូវឱ្យបេក្ខជន ត្រូវកំពុងសិក្សាផ្នែកទាក់ទងនឹងបច្ចេកវិទ្យាឌីជីថល ចាប់ពីឆ្នាំទី៣ឡើងទៅ ហើយបំពេញពាក្យឱ្យបានត្រឹមថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៦។ បេក្ខជននឹងឆ្លងកាត់ការប្រឡងដែលក្នុងនោ រួមមានវិញ្ញាសារប្រឡង IT និង ភាសាអង់គ្លេស។ សម្រាប់ព័ត៌មានលម្អិតពីអាហារូបករណ៍ និងការដាក់ពាក្យ សូមចូលតាមរយៈតេឡេក្រាមខាងក្រោម៖ https://t.me/+WOvD_rXQ3RM1ZDE1៕
គួរបញ្ជាក់ថា អាហារូបករណ៍នេះនឹងផ្តល់ជូនឱ្យសិស្សសិក្សារយៈពេលចំនួន១០ខែ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចន្លោះម៉ោងសិក្សា: 1:30PM - 8:30PM ។ ក្នុងនោះ មុខជំនាញដែលត្រូវសិក្សាកម្រិតមូលដ្ឋាន រួមមាន៖ Java Programming, Spring, Spring Boot, Database and Data Modeling, Web Design, Next.JS with TypeScript, UX/UI Concept and Design, Git and Deployment, Basic Web Security, Project Management (SDLC)។ ចំណែកឯ មុខជំនាញដែលត្រូវជ្រើសរើសសិក្សានៅវគ្គកម្រិតខ្ពស់ រួមមាន៖ Spring Microservices, Cyber Security, Data Analytics, DevOps Engineering, Artificial Intelligence (AI)៕