អាម៉េរិក៖ សារព័ត៌មានអាម៉េរិក CNN ចុះផ្សាយពីការចាប់ខ្លួន ចេន ហ្សី ដែលមានសញ្ជាតិចិន និងកម្ពុជា ក្នុងវ័យ៣៨ឆ្នាំ ក្រោយការស៊ើបអង្កេតរបស់ក្រសួងមហាផ្ទៃ សហការជាមួយរដ្ឋាភិបាលចិន ដោយបានចាប់ខ្លួន និង បញ្ជូនទៅកាន់ប្រទេសចិនកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។ សារព័ត៌មាននេះ បានព្យាយាមរំលេចពីការស្រាវជ្រាវនានាពាក់ព័ន្ធលោក ចេន ហ្សី ជាមួយទណ្ឌកម្មរបស់អាម៉េរិក។បន្ថែមពីនេះ ក៏បានមើលឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោក ជាមួយការរិះគន់ និងដាក់សម្ពាធនានាផងដែរ។
យោងតាមសារព័ត៌មានអាម៉េរិកនេះ បានរាយការណ៍ថា លោក ចេន ហ្សី ត្រូវបានគេស្គាល់ថា ជាស្ថាបនិកនៃព្រីនស៍គ្រុប ដែលជាស្ថាប័នដ៏ធំមួយនៅកម្ពុជា វិនិយោគលើអចលនទ្រព្យ សេវាកម្មធនាគារ សណ្ឋាគារ និង ការសាងសង់នានា។ភាគច្រើននៃអាជីវកម្មរបស់ ចេន ហ្សី គឺការបោកប្រាស់រូបិយបណ្ណឌីជីថល (cryptocurrency) ដែលបានបោកប្រាស់ជនរងគ្រោះទូទាំងពិភពលោក ហើយលោកហ្សី និងសហការីអាចរកបានចំណូលប្រមាណ ៣០ លានដុល្លារជារៀងរាល់ថ្ងៃ។
កាលពីខែតុលា ក្រសួងរតនាគារជាតិអាម៉េរិក និង ការិយាល័យការបរទេសអង់គ្លេស បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Prince Group និង បក្ខពួករាប់សិបនាក់ ថាជាអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មឆ្លងដែន ហើយចាប់តាំងពីការចោទប្រកាន់ត្រូវបានប្រកាស សិង្ហបុរី ថៃ ហុងកុង និង តៃវ៉ាន់ បានប្រកាសពីការរឹបអូស ឬបង្កកទ្រព្យសម្បត្តិរាប់រយលានដុល្លារ ដែលទាក់ទងលោក ចេន ហ្សី។
ចំពោះប្រទេសកម្ពុជា សារព័ត៌មានអាម៉េរិក CNN បានសរសេររំលេចពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា នារយៈពេលចុងក្រោយនេះ ក្នុងការសហការជាមួយដៃគូអន្តរជាតិនានា ក្នុងការព្យាយាមធ្វើសកម្មភាពប្រឆាំងនឹងបណ្តាញបោកប្រាស់ដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា។
ក្នុងអត្ថបទនេះ CNN បានសម្ភាសន៍ជាមួយអ្នកជំនាញម្នាក់ដែលមានឈ្មោះថា លោក Jacob Sims ជាសហការីនៅមជ្ឈមណ្ឌលអាស៊ីនៃសាកលវិទ្យាល័យ Harvard និង ជាអ្នកជំនាញឧក្រិដ្ឋកម្មឆ្លងដែន។លោក Jacob Sims បានមើលឃើញថា ការចាប់ខ្លួនលោក ចេន ហ្សី នៅកម្ពុជាហើយបញ្ជូនទៅចិននេះ គឺជាការឆ្លុះបញ្ចាំងពីសម្ពាធអន្តរជាតិ ហើយការចាប់លោក ចេន ហ្សី បញ្ជូនទៅចិននេះ អាចនឹងនាំឱ្យលោក ចេន ហ្សី មិនសូវប្រឈមមុខនឹងទោសធ្ងន់ធ្ងរដូចនៅអាម៉េរិក។លោកថា ចិនមិនមានសន្ធិសញ្ញាធ្វើបត្យាប័នជាមួយអាម៉េរិកនោះទេ ហើយប្រទេសទាំងពីរកំពុងជាប់គាំងនៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និង សេដ្ឋកិច្ចកាន់តែស៊ីជម្រៅ។ដូច្នេះ ការចាប់ខ្លួនពេលនេះ គឺអាចជួយលោក ចេន ហ្សី ពីការចាប់ខ្លួនរបស់អាម៉េរិកដោយមានប្រសិទ្ធភាព។
តែយ៉ាងណាក្តី CNN បានមើលឃើញពីរបៀបធ្វើការរបស់មហាអំណាចចិន ក្នុងការលើកទឹកចិត្តយ៉ាងខ្លាំងក្នុងការដោះស្រាយរឿងនេះដោយស្ងៀមស្ងាត់ និង ផ្ទៃក្នុងរបស់ខ្លួន ដោយសារតែភាពរសើបផ្នែកនយោបាយជុំវិញអាណាចក្រអាជីវកម្មរបស់គាត់ ទំនាក់ទំនងក្នុងតំបន់ និង ជាពិសេសទំនាក់ទំនងដែលបានរាយការណ៍ទៅមន្ត្រីរដ្ឋាភិបាលចិនផ្សេងៗ៕