ភ្នំពេញ៖ UWC South East Asia ផ្តល់អាហារូបករណ៍សម្រាប់សិស្សកម្ពុជា២រូប សិក្សាកម្រិតវិទ្យាល័យនៅប្រទេសសិង្ហបុរី ដោយមានជំនួយហិរញ្ញវត្ថុពេញលេញរយៈពេល៥ឆ្នាំ។ ដើម្បីអាចដាក់ពាក្យបាន បេក្ខជនត្រូវមានថ្ងៃខែឆ្នាំកំណើតចន្លោះពីថ្ងៃ ទី១ ខែកញ្ញា ឆ្នាំ២០១១ ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣ ។ ប្រសិនបើជាប់នឹងត្រូវចូលរៀននៅខែសីហា ឆ្នាំ២០២៦។
យោងតាមគេហទំព័រផ្លូវការនៃ UWC Cambodia បានឱ្យដឹងថា សាលា UWC SEA ផ្តល់កន្លែងសិក្សាចំនួន២កន្លែង សម្រាប់សិស្សកម្ពុជា ដោយមានជំនួយហិរញ្ញវត្ថុពេញលេញ ដើម្បីទៅសិក្សានៅប្រទេសសិង្ហបុរី ដែលនឹងផុតកំណត់ដាក់ពាក្យនៅថ្ងៃទី១១ ខែមករា ២០២៦។ ដើម្បីអាចដាក់ពាក្យ បេក្ខជនត្រូវបំពេញព័ត៌មានតាមរយៈតំណភ្ជាប់៖ Link ។ បេក្ខជនដែលទទួលបានជោគជ័យនឹងចូលរៀនថ្នាក់ទី៨ នៅ UWCSEA នៅសាខា Dover ក្នុងខែសីហា ឆ្នាំ២០២៦។
បើតាមប្រភពដដែល អាហារូបករណ៍នេះផ្តល់ជូនយុវជនដែលមានជំនាញភាសាអង់គ្លេសសមស្រប ទាំងក្នុងការសរសេរ និងការនិយាយ។ ជាពិសេស បេក្ខជនត្រូវមានប្រវត្តិការសិក្សាខ្លាំងផ្នែកគណិតវិទ្យា និងភាសាខ្មែរ។ អាហារូបករណ៍នេះផ្តល់ជូនយុវជនដែលអាចបង្ហាញពីផលប៉ះពាល់ជាវិជ្ជមានទៅកាន់សហគមន៍របស់ខ្លួន។ ចំពោះអត្ថប្រយោជន៍ដែលសិស្សអាចទទួលបានពីអាហារូបករណ៍នេះរួមមាន ទទួលបានការរ៉ាប់រងថ្លៃសិក្សា និងថ្លៃស្នាក់នៅទាំងអស់ អាហារ ការចំណាយលើការធ្វើដំណើរទៅមកពីប្រទេសកម្ពុជា និងប្រាក់ឧបត្ថម្ភសម្រាប់ការរស់នៅតិចតួចសម្រាប់បេក្ខជនដែលបានជាប់ (ពិនិត្យឡើងវិញនូវសមត្ថភាពគ្រួសាររបស់ពួកគេក្នុងការរួមចំណែកដល់ការអប់រំរបស់សិស្សជាក់ស្តែង) ក្នុងរយៈពេល៥ឆ្នាំសិក្សានៅទីនោះ។
គួររម្លឹកថា UWC South East Asia (UWCSEA) គឺជាសមាជិកនៃ United World College (UWC) និងមានទីតាំងនៅប្រទេសសិង្ហបុរី។ UWCSEA មានសិស្សជាង ៥,៦០០ នាក់ មកពីជាង ១០០ សញ្ជាតិ អប់រំសិស្សពីថ្នាក់មត្តេយ្យ ១ ដល់ថ្នាក់ទី ១២។ វាគឺជាសាលាមួយក្នុងចំណោមសាលា International Baccalaureate Diploma ដ៏ធំ និងជោគជ័យបំផុតរបស់ពិភពលោក ហើយអស់រយៈពេលជាង ៥០ ឆ្នាំមកហើយ បានទទួលលទ្ធផលប្រឡងដ៏ល្អ។ តាមរយៈការសិក្សានៅទីនោះ សិស្សត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងសកម្មភាពក្រៅកម្មវិធីសិក្សា ដែលរួមមានកីឡា តន្ត្រី ល្ខោន និងសេវាកម្មសង្គម៕