ភ្នំពេញ៖ កម្មវិធី eMpowering Youths Across ASEAN (eYAA) ជ្រើសរើសយុវជនស្ម័គ្រចិត្ត១១០នាក់មកពីបណ្តាប្រទេសក្នុងអាស៊ាន ដើម្បីពង្រឹងសិទ្ធិអំណាច និងផ្តល់ឱកាសឱ្យយុវជនទទួលបានបទពិសោធន៍ជាក់ស្តែង ព្រមទាំងពង្រឺងចំណេះជំនាញសម្រាប់ពេលអនាគត និងរួមចំណែកអភិវឌ្ឍសហគមន៍របស់ពួកគេ។
យោងតាមគេហៈទំព័រផ្លូវការនៃASEAN FOUNDATION បានគូសបញ្ជាក់ថាដើម្បីដាក់ពាក្យស្ម័គ្រចិត្តក្នុងកម្មវិធីបេក្ខជនត្រូវតែមានអាយុចន្លោះពី ១៩ទៅ៣៥ឆ្នាំ និងជាយុវជនដែលនៅក្នុងបណ្តាប្រទេសដែលជាសមាជិកអាស៊ាន។ លើសពីនេះបេក្ខជនត្រូវតែអាចធ្វើដំណើរទៅកាន់បណ្តាប្រទេសទាំងអស់ក្នុងអាស៊ាន មានបទពិសោធន៍ធ្វើការងារស្ម័គ្រចិត្ត ឬធ្វើការនៅក្នុងអង្គការណាមួយ និងអាចទំនាក់ទំនងភាសាអង់គ្លេស។ សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យបេក្ខជនអាចចូលទៅកាន់ តំណរភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី២៥ ខែមករាឆ្នាំ២០២៦។
បើតាមប្រភពដដែល តាមរយៈកម្មវិធីនេះបេក្ខជនទាំងអស់ នឹងទទួលបានការណែនាំដោយផ្ទាល់ពីអ្នកជំនាញដែលមានបទពិសោធន៍ អភិវឌ្ឍជំនាញ និងភាពជាអ្នកដឹកនាំសម្រាប់ពេលអនាគតតាមរយៈវគ្គបណ្តុះបណ្តាល រួមទាំងសហការជាមួយអង្គការសង្គមស៊ីវិល និងសហគ្រាសសង្គមទៅលើគម្រោងសហគមន៍ផ្សេងៗដោយផ្ទាល់។ បន្ថែមពីលើនេះ បេក្ខជននឹងមានឱកាសបង្កើតទំនាក់ទំនងនៅក្នុងអាស៊ានផងដែរ។
រាល់ការចំណាយក្នុងកម្មវិធីនេះនឹងត្រូវបានគាំទ្រយ៉ាងពេញលេញពី ASEAN FOUNDATION និងដៃគូរសហការរបស់ពួកគេ៕