ភ្នំពេញ៖ អាហារូបករណ៍រយៈពេលខ្លី និងឱកាសហាត់ការងារ សម្រាប់យុវជនជនជាតិដើមភាគតិចពូនងចំនួន១៥នាក់ មកពីសហគមន៍ស្ថិតក្នុង គម្រោងរេដបូក កែវសីមា I Keo Seima REDD+ និងមកពីតំបន់គោលដៅនៃអង្គការសេចក្តីសង្ឃឹមពិភពលោកអន្តរជាតិ បើកទទួលពាក្យត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦។ អាហារូបករណ៍មានសិក្សាជំនាញវគ្គខ្លីដូចជាផ្នែកអគ្គិសនី សំអាង ជួសជុលម៉ូតូ ជាងកាត់សក់នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។
យោងតាមសេចក្តីជូនដំណឹងនៃ អង្គការសេចក្តីសង្ឃឹមពិភពលោកអន្តរជាតិ បានឱ្យដឹងថា ឱកាសអាហាររូបករណ៍នេះ នឹងផ្តល់ជូនសម្រាប់យុវជនចំនួន15នាក់ ដែលជាយុវជនជនជាតិដើមភាគតិចពូនង មកពីសហគមន៍ស្ថិតក្នុងគោលដៅភូមិរបស់គម្រោង រេដបូកស្ថិតនៅដែនជម្រកសត្វព្រៃកែវសីមា (KSWS) ក្រោមគំនិតផ្តួចផ្តើមពីគម្រោងរេដបូក និងមកពីតំបន់គោលដៅនៃអង្គការសេចក្តីសង្ឃឹមពិភពលោកអន្តរជាតិ WHI។
ចំពោះអាហារូបករណ៍នេះ មានរយៈពេល 4ខែ ដែលសិក្សាជំនាញវគ្គខ្លីមានផ្នែក អគ្គិសនី សំអាង ជួសជុលម៉ូតូ ជាងកាត់សក់នៅ ក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ដែលជារ៉ាប់រងការចំណាយលើថ្លៃសិក្សា និងសម្ភារៈចាំបាច់សម្រាប់សិក្សា។ ចំណែកឯ ឱកាសផ្នែកកម្មសិក្សា (ការហាត់ការងារ)វិញ បេក្ខជននឹងទទួលបានឱកាសហាត់ការជំនាញវិជ្ជាជីវៈ ដែលគម្រោងនេះចូលរួមលើកកម្ពស់ ការយល់ដឹង និង ធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិចពូនងក្នុងខេត្តមណ្ឌលគិរី។ជាពិសេស ក្នុងអំឡុងពេលនៃការសិក្សាជំនាញ សិស្សអាហាររូបការណ៍នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន 70$/ខែ និងថ្លៃសាំង 20$/ខែ ថ្លៃឯកសណ្ឋានសាលា និងសម្ភារៈសិក្សា 20$/វគ្គ។ បេក្ខជនដែលត្រូវបានជ្រើសរើសនឹងត្រូវទទួលបានការបណ្តុះបណ្តាលបន្ថែម លើផ្នែកផ្សេងទៀតតាមផែនការរបស់សាលា និងគម្រោង។ កាលបរិច្ឆេទចាប់ផ្តើមចូលរៀននិងហាត់ការ៖ ដំណើរការចុះឈ្មោះ ផ្តល់អាហារូបករណ៍ នឹងចាប់ផ្តើម នៅក្នុងខែកុម្ភះ ឆ្នាំ2026។
បើតាមប្រភពដដែល ដើម្បីអាចដាក់ពាក្យបាន បេក្ខជនត្រូវមានលក្ខខណ្ឌដូចជា បេក្ខជន 8 នាក់ និងបេក្ខនារី 7នាក់ ត្រូវមានទីលំនៅក្នុងភូមិគោលដៅមកពីភូមិទាំង២០ នៃគម្រោងរេដ បូកនៃដែនជម្រកសត្វព្រៃកែវសីមា ដែលត្រូវមានអាយុ ១៥ ឆ្នាំឡើងទៅ។ អាហាររូបករណ៍វគ្គខ្លីនេះបើទទួលសម្រាប់យុវជនជនជាតិដើមភាគតិចពូនងទូទៅទាំងអស់ ទោះបីជាមិន មានការសិក្សាកម្រិតណាមួយក៏ដោយ។ អ្នកដាក់ពាក្យត្រូវមានអត្តចរិតល្អ មានការប្តេជ្ញាចិត្តក្នុងការចូលរួមវគ្គបណ្តុះបណ្តាលអោយបានចប់។ អ្នកដាក់ពាក្យមិនមានប័ណ្ណក្រីក្រ (ID Poor) ក៏អាចដាក់ពាក្យបានដែរ។ តំណភ្ជាប់ទៅកាន់ការដាក់ពាក្យ៖ https://drive.google.com/.../1BFBgX... ។
គួរបញ្ជាក់ថា ដើម្បីអាចពាក្យស្នើសុំ បេក្ខជនត្រូវបំពេញទម្រង់ពាក្យស្នើដែលបានភ្ជាប់មកជាមួយលិខិតឧទ្ទេសនាមចំនួនមួយ (1) ពីគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិច ឬមេភូមិ ដែល ស្គាល់បេក្ខជនដាក់ពាក្យស្នើសុំរៀនវគ្គបណ្តុះបណ្តាលខ្លី ព្រមទាំងសេចក្តីចម្លងសំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់ទីលំនៅពីមេភូមិ (ប្រសិនបើគ្មានសំបុត្រកំណើត)។ ករណីមានចម្ងល់បន្ថែមអាច ទាក់ទងតាមទូរស័ព្ទអំពីការដាក់ពាក្យ 012 35 50 74 (តេលេក្រាម) និង 071 77 11 911 ឬដាក់ ពាក្យផ្ទាល់នៅការិយាល័យWHI នៅភូមិអណ្តូងក្រឡឹង នៅរៀងរាល់ម៉ោងធ្វើការ ម៉ោង៨ព្រឹក ដល់ម៉ោង12 ថ្ងៃត្រង់ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ៕