ភ្នំពេញ៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដាក់វិន័យ ចៅក្រម ៥រូប ដែលកាន់តំណែងជា អនុប្រធានសាលាឧទ្ធរណ៍ និងប្រធានសាលាដំបូង ត្រូវបានត្រាស់បង្គាប់ ដាក់វិន័យក្រោមរូបភាពបន្ថយថ្នាក់ និងបន្ថយឋានន្តរស័ក្តិ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
យោងតាមព្រះរាជក្រឹត្យ ចៅក្រមក្នុងក្របខ័ណ្ឌចៅក្រម ចំនួន ៥ រូប ដែលកាន់តំណែងជា អនុប្រធានសាលាឧទ្ធរណ៍ និង ប្រធានសាលាដំបូង ត្រូវបានត្រាស់បង្គាប់ ដាក់វិន័យក្រោមរូបភាពបន្ថយមួយថ្នាក់ និងបន្ថយឋានន្តរស័ក្ដិរួមមាន៖
១. ឃុន លាងម៉េង ឧត្តមចៅក្រម ថ្នាក់លេខ ៥ → បន្ថយមកជា ថ្នាក់លេខ ៦
២. ភូ ពៅស៊ុន ឧត្តមចៅក្រម ថ្នាក់លេខ ៥ → បន្ថយមកជា ថ្នាក់លេខ ៦
៣. យិច ឈាណាវី ឧត្តមចៅក្រម ថ្នាក់លេខ ៦ → បន្ថយមកជា វរៈចៅក្រម ថ្នាក់លេខ ១
៤. ធាម ច័ន្ទពិសិដ្ឋ វរៈចៅក្រម ថ្នាក់លេខ ២ → បន្ថយមកជា ថ្នាក់លេខ ៣
៥. ទិត ដាលីន វរៈចៅក្រម ថ្នាក់លេខ ៤ → បន្ថយមកជា អនុចៅក្រម ថ្នាក់លេខ ១
ការដាក់វិន័យចំពោះមន្ត្រីតុលាការទាំងនេះ បង្ហាញពីឆន្ទៈរឹងមាំរបស់រដ្ឋក្នុងការពង្រឹងនីតិរដ្ឋ ការគោរពច្បាប់ និង ការទទួលខុសត្រូវវិជ្ជាជីវៈ ក្នុងប្រព័ន្ធយុត្តិធម៌។ វាជាសារសំខាន់មួយថា មិនមានបុគ្គលណាមួយស្ថិតនៅលើសច្បាប់ឡើយ ហើយមន្ត្រីតុលាការគ្រប់រូបត្រូវអនុវត្តភារកិច្ចដោយសុចរិតភាព ឯករាជ្យភាព និងតម្លាភាព។
ចំពោះវិធានការនេះ ក៏ជាជំហានចាំបាច់ក្នុងការកសាង ទំនុកចិត្តសាធារណៈ ទៅលើតុលាការ ព្រមទាំងលើកកម្ពស់គុណភាពសេវាយុត្តិធម៌ ឲ្យស្របតាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន៕