ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងធ្វើការតេស្តបាញ់មីស៊ីលលឿនជាងសំឡេងដែលជាការផលិតជំនាន់ចុងក្រោយនៅក្នុងការតេស្តសាកល្បងនោះលោកគីមជុងអ៊ុនចេញបញ្ជាប្រកាសដល់កងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើងឱ្យឈរជើងត្រៀមខ្លួនធ្វើសង្រ្គាមគ្រប់វិនាទី។ ការតេស្តសាកល្បងមីស៊ីលលឿនជាងសម្លេងរបស់កូរ៉េខាងជើងនេះធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាម៉េរិកបានឆ្មក់ និងធ្វើការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា និងបញ្ចូនលោកទៅកាត់ទោសនៅសហរដ្ឋអាម៉េរិក។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់មីស៊ីលលឿនជាងសំឡេងទំនើបថ្មីជំនាន់ចុងក្រោយ លោកបានចេញបញ្ជាឲ្យទាហានកូរ៉េខាងជើងត្រៀមខ្លួនសម្រាប់ធ្វើសង្រ្គាមគ្រប់វិនាទី។ លោកគីមថាវិបត្តិភូមិសាស្ត្រនយោបាយពេលនេះកំពុងតែធ្វើឲ្យពិភពលោកកាន់តែចលាចលមិនធ្លាប់មានចាប់តាំងពីសង្រ្គាមលោកលើកទី២មក។
លោកគីមជុងអ៊ុនបានចាត់ទុកសកម្មភាពយោធារបស់ទីក្រុងព្យុងយ៉ាងគឺ «មានគោលបំណងដាក់ការរារាំងសង្គ្រាមនុយក្លេអ៊ែរជាបន្តបន្ទាប់លើមូលដ្ឋានរបស់ប្រទេសខ្លួន»ហើយត្រៀមខ្លួនឆ្លើយតបទៅនឹងការវាយប្រហារណាមួយដែលអាចកើតមានឡើង៕