ភ្នំពេញ៖ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកស្រី ហ៊ុន ស៊ីណាត នាថ្ងៃទី៥ មករា បានជួបសំណេះសំណាល និងប្រគល់ម៉ូតូ០១គ្រឿងដល់វីរកងទ័ព ក្រោយពីម្ចាស់ហាងបញ្ចាំម៉ូតូ បានប្រគល់ម៉ូតូ០១គ្រឿងនេះដល់វីរកងទ័ពវិញ បន្ទាប់ពីជាប់ដៃប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជានៅសមរភូមិមុខ មិនបានបង់ប្រាក់បញ្ចាំ ៣ខែ។
នាពេលថ្មីៗនេះ មានការបង្ហោះផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមថា វីរកងទ័ពជួរមុខ០១នាក់ឈ្មោះ មាស ប្រឹក្សា អាយុ៣១ឆ្នាំ ជាប់ដៃប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជានៅសមរភូមិមុខ ហេីយបានបញ្ចាំម៉ូតូ ៣ខែមិនបានមកបង់ប្រាក់ នៅហាងទទួលបញ្ចាំម៉ូតូ០១កន្លែង ស្ថិតនៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ក្រោយទទួលបានព័ត៌មាន លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមរយៈការជួយជ្រោមជ្រែងពីលោកស្រី ហ៊ុន ស៊ីណាត បានបញ្ជាទៅលោក ស៊ឹម ពិសិដ្ឋ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចុះទៅដល់ហាងបញ្ចាំម៉ូតូខាងលើ ដើម្បីសួរនាំ។
បន្ទាប់ពីជួប និងសួរនាំម្ចាស់ហាងខាងលើ បង្ហាញថា ម៉ូតូនោះពិតជាម៉ូតូវីរកងទ័ពពិតប្រាកដមែន ហើយម្ចាស់ហាងបញ្ចាំ ក៏បានជូនម៉ូតូនោះទៅវីរកងទ័ពវិញ និងមិនគិតទាំងការប្រាក់និងប្រាក់ដើមផងទៀត។ ជាមួយគ្នានោះ លោកស្នងការ ក៏បានឧបត្ថម្ភថវិកា និងសម្ភារ មួយចំនួនជូនដល់វីរកងទ័ពនិងក្រុមគ្រួសារផងដែរ៕