ភ្នំពេញ៖ វេទិកាស្បៀងអាហារពិភពលោក (WFF) សហការជាមួយ Climate Bridges ដាក់ឱ្យដំណើរការកម្មវិធីអប់រំភាពជាអ្នកដឹកនាំផ្នែកកសិ-ចំណីអាហារ (ALEP) នៅឆ្នាំ ២០២៦ ដើម្បីគាំទ្រស្រ្តីវ័យក្មេងដែលមានអាយុចន្លោះ ១៨ទៅ៣៥ឆ្នាំ មានឱកាសពង្រឹងភាពជាអ្នកដឹកនាំ ការតស៊ូមតិ និងការអភិវឌ្ឍអាជីពនៅក្នុងប្រព័ន្ធកសិ-ចំណីអាហារ។ កម្មវិធីនេះ នឹងបន្តទទួលពាក្យរហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។
យោងតាមសេចក្តីជូនដំណឹងតាមគេហទំព័រផ្លូវការនៃ FAO Cambodia បានគូសបញ្ជាក់ ដើម្បីដាក់ពាក្យចូលរួមកម្មវិធីបេក្ខនារីត្រូវតែមានអាយុពី ១៨ ទៅ៣៥ឆ្នាំ និងជាយុវជនដែលនៅក្នុងប្រទេសដែលមានសាខាវេទិកាកសិកម្មយុវជនថ្នាក់ជាតិ (WFF National Youth Chapter) របស់អង្គការស្បៀងអាហារនិងកសិកម្មពិភពលោក។ លើសពីនេះបេក្ខនារីត្រូវតែជាអ្នកដែលធ្វើការ និងមានចំណង់ចំណូលចិត្តលើ វិស័យកសិកម្ម ប្រព័ន្ធចំណីអាហារ អាកាសធាតុ ភាពជាអ្នកដឹកនាំសហគមន៍ រួមទាំងមានការប្តេជ្ញាចិត្តខ្ពស់។ បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម តំណរភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។
បើតាមប្រភពដដែល តាមរយ:កម្មវិធីនេះ បេក្ខនារីនឹងទទួលបានឱកាសសិក្សាអំពីការអភិវឌ្ឃជំនាញ និងភាពជាអ្នកដឹកនាំលើផ្នែកកសិ-ចំណីអាហារ ព្រមទាំងមានឱកាសបង្កើតទំនាក់ទំនង និងសិក្សាពីការតស៊ូមតិទាក់ទងទៅនឹងបញ្ហាប្រឈមរបស់ស្រ្តីក្នុងវិស័យកសិ-ចំណីអាហារ ពីសំណាកអ្នកជំនាញល្អៗតាមរយៈកម្មវិធីអប់រំភាពជាអ្នកដឹកនាំកសិកម្ម(ALEP)។
គួរបញ្ជាក់ថា កម្មវិធីនេះនឹងគាំទ្រដល់ស្ត្រីវ័យក្មេងជាង ១០០ នាក់មកពីប្រទេសដែលមានសាខាយុវជនជាតិ (WFF National Youth Chapter) ហើយអ្នកចូលរួមប្រាំរូបនឹងទទួលបានជំនួយឥតសំណងដើម្បីអនុវត្តគម្រោងតស៊ូមតិរបស់ពួកគេ។ កម្មវិធីអប់រំភាពជាអ្នកដឹកនាំកសិកម្ម(ALEP)ក៏លើកទឹកចិត្តឱ្យសមាជិករបស់កម្មវិធីអប់រំភាពជាអ្នកដឹកនាំកសិកម្ម(ALEP)ចូលរួមដើម្បីអភិវឌ្ឍន៍ជំនាញបន្ថែមផងដែរ៕