ម៉ាឡេស៊ី៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកអាន់វ៉ា អ៊ីប្រាហ៊ីម នៅថ្ងៃ០៤ មករានេះ បានបង្ហោះសារក្នុងបណ្ដាញសង្គមហ្វេកប៊ុករបស់ខ្លួន ដោយធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះប្រតិបត្តការយោធាសហរដ្ឋអាម៉េរិក ធ្វើការចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយា កាលពីពាក់កណ្ដាលយប់ថ្ងៃ៣មករា ដោយចាត់ទុកសកម្មភាពនេះជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ នៅក្នុងដែនអធិបតេយ្យរបស់រដ្ឋមួយ។ លោកអំពាវនាវឱ្យមានការដោះស្រាយក្នុងតុចរចារ ប្រកបដោយសន្តិវិធីរវាងភាគីទាំងពីរ ដោយទុកសិទ្ធិសម្រេចជោគវាសនាប្រទេសដល់ពលរដ្ឋវេណេស៊ុយអេឡាដែលជាម្ចាស់ប្រទេសវិញ ជាជាងការអន្តរាគមន៍ដោយប្រតិបត្តការយោធាពីរដ្ឋបរទេសដទៃ។
តាមការបង្ហោះដដែល លោកអាន់វ៉ា អ៊ីប្រាហ៊ីម បានអំពាវនាវឱ្យអាម៉េរិកធ្វើការដោះលែងលោកនីកូឡាស ម៉ាឌូរ៉ូ និងភរិយាជាបន្ទាន់ ដោយសង្កត់ធ្ងន់ថា ការប្រើប្រាស់កម្លាំងយោធាក្រៅដែនអធិបតេយ្យរបស់រដ្ឋមួយ ដើម្បីទម្លាក់មេដឹកនាំរបស់ប្រទេសមួយ គឺជាគម្រូដែលមិនល្អ និងមានគ្រោះថ្នាក់បំផុតដែលអាចបំផ្លាញសណ្ដាប់ធ្នាប់ពិភពលោក និងប៉ះពាល់ដល់ពលរដ្ឋវេណេស៊ុយអេឡាដែលកំពុងតែរងគ្រោះស្រាប់។