វៀតណាម៖ រដ្ឋាភិបាលវៀតណាមប្រកាសចេញច្បាប់ពិន័យអ្នកប្រើប្រាស់បារីអេឡិចត្រូនិក ចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០២៦ តទៅ ដោយអ្នកប្រើប្រាស់បារីអេឡិចត្រូនិក និងទទួលការផាកពិន័យចាប់ពី ៣ លានដុង ដល់ ៥ លានដុង (ប្រហែល ១១៤–១៩០ ដុល្លារ) ហើយផលិតផលដែលអាជ្ញាធរចាប់បាននឹង ត្រូវបំផ្លាញចោលភ្លាមៗ។ ចំពោះបុគ្គលណាម្នាក់ដែលល្មើស និងនៅតែបន្តប្រើប្រាស់ នឹងត្រូវប្រឈមការផាកពិន័យ ពី៥ ទៅ ១០ លានដុង (១៩០-៣៨០ ដុល្លារ) ក្រុមហ៊ុនឬអង្គភាពដែលល្មើស នឹងត្រូវទទួលការផាកពិន័យទ្វេដងប្រសិនបើល្មើសនូវបទបញ្ជានេះ។
បើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី ដាវ ហុង ឡាន បានបញ្ជាក់ថា ការហាមនេះបណ្តាលមកពីផលប៉ះពាល់អាក្រក់ដល់សុខភាព ដោយផលិតផលទាំងនេះមានសារធាតុនីកូទីនខ្ពស់ បង្កឱ្យមានជំងឺធ្ងន់ធ្ងរ ដូចជា មហារីក ជំងឺបេះដូង សួត និងបញ្ហាសុខភាពផ្លូវចិត្ត ដោយក្នុងឆ្នាំ២០២៣ មានមនុស្ស ១,២២៤ នាក់ត្រូវបានដាក់ព្យាបាលនៅមន្ទីរពេទ្យ ដោយសារការពុល ហើយជំងឺភាគច្រើនកើតឡើងដោយសារតែការប្រើប្រាស់បារីអេឡិចត្រូនិក។
កាសែត Vietnam Express បានរាយការណ៍ថានៅចន្លោះឆ្នាំ ២០១៥–២០២០ មនុស្សពេញវ័យដែលមានអាយុ ១៥ ឆ្នាំឡើងបានកើនពី ០.២% ទៅ ៣.៦%។ ចំពោះសិស្សអាយុ ១៣–១៧ ឆ្នាំ មានការកើនពី ២.៦% ក្នុងឆ្នាំ ២០១៩ ទៅដល់៨.១% ក្នុងឆ្នាំ ២០២៣។ តាមការស្ទង់មតិបានរកឃើញថា ៤.៣% នៃក្មេងស្រីអាយុ ១១–១៨ ឆ្នាំមានបទពិសោធន៍ប្រើប្រាស់បារីអេឡិចត្រូនិក។
គួរកត់សម្គាល់ថាការសម្រេចបាននូវច្បាប់នេះ បានធ្វើឱ្យប្រទេសវៀតណាមក្លាយជាប្រទេសទី៦ក្នុងតំបន់អាស៊ាន និងជាប្រទេសមួយក្នុងចំណោម ៤៣ ប្រទេសលើពិភពលោក ដែលមានច្បាប់ហាមប្រើប្រាស់បារីអេឡិចត្រូនិកដើម្បីការពារសុខភាពសាធារណៈ៕