ឥណ្ឌា៖ របាយការណ៍សេដ្ឋកិច្ចចុងឆ្នាំរបស់រដ្ឋាភិបាលឥណ្ឌាបានបង្ហាញថា ឥណ្ឌាបានវ៉ាដាច់ប្រទេសជប៉ុន ប្រែក្លាយជាសេដ្ឋកិច្ចពិភពលោកធំជាងគេទី៤ជាមួយតម្លៃ GDP ៤.១៨ ទ្រីលានដុល្លារ។ បច្ចុប្បន្ន ឥណ្ឌានៅក្រោយតែសហរដ្ឋអាមេរិក ចិន និងអាល្លឺម៉ង់ និងត្រៀមខ្លួននាំមុខសេដ្ឋកិច្ចអាល្លឺម៉ង់ក្នុងរយៈពេល ២.៥ ទៅ ៣ ឆ្នាំខាងមុខ និងគ្រោងដណ្ដើមចំណាត់ថ្នាក់ក្លាយជាខ្លាសេដ្ឋកិច្ចធំជាងគេទី៣ ដោយរំពឹងថា GDP នឹងឈានដល់ ៧.៣ ទ្រីលានដុល្លារក្នុងឆ្នាំ ២០៣០ ប្រសិនបើស្ថានការណ៍នយោបាយ មិនមានការប្រែប្រួល និងមានស្ថេរភាពដូចបច្ចុប្បន្ន។
រដ្ឋាភិបាលឥណ្ឌាបានបន្ថែមថា GDP ជាក់ស្តែងបានកើនឡើង ៨.២ ភាគរយក្នុងត្រីមាសទី២ នៃឆ្នាំសារពើពន្ធ ២០២៥-២០២៦ បន្ទាប់ពីកើន ៧.៨ ភាគរយក្នុងត្រីមាសទី១ និង ៧.៤ ភាគរយក្នុងត្រីមាសចុងក្រោយនៃឆ្នាំសារពើពន្ធ ២០២៤-២០២៥។
យោងតាមកាសែត INDEPENDENT ការចេញចំណាត់ថ្នាក់នេះនឹងត្រូវបញ្ជាក់ជាផ្លូវការនៅឆ្នាំ ២០២៦ បន្ទាប់ពីទិន្នន័យ GDP ប្រចាំឆ្នាំចុងក្រោយរបស់ប្រទេសឥណ្ឌាត្រូវបានចេញផ្សាយ។