មូស្គូ៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃទី ១ មករា បានចោទប្រកាន់អ៊ុយក្រែន គឺជាអ្នកនៅពីក្រោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើសណ្ឋាគារមួយក្នុងតំបន់ ឃើសុន ភាគខាងត្បូងរបស់អ៊ុយក្រែន ដែលកាន់កាប់ដោយរុស្ស៊ី ការវាយប្រហាររបស់អ៊ុយក្រែនដោយដ្រូនបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤ នាក់នៅពេលដែលពួកគេកំពុងតែប្រារព្ធពិធីចូលឆ្នាំថ្មី។ រុស្ស៊ីបានចាត់ទុកការវាយប្រហាររបស់អ៊ុយក្រែនជាអំពើព្រៃផ្សៃ និងមានចេតនាក្នុងការបំផ្លាញកិច្ចចរចាសន្តិភាពរវាងប្រទេសពីរ។
យោងតាមការអះអាងរបស់រុស្ស៊ីអគារមួយត្រូវបានឆេះខ្ទេចខ្ទី បន្សល់ត្រឹមតែគំនរបាក់បែកដែលកំពុងឆេះ និងសាកសពដែលឆេះខ្លោចមើលស្ទើតែលែងយល់ ការវាយប្រហាររបស់អ៊ុយក្រែនថ្ងៃចូលឆ្នាំថ្មីលើតំបន់ឃើសុនបានសម្លាប់មនុស្សយ៉ាងហើចណាស់ ២៤ នាក់ និងជាច្រើននាក់ទៀតរងរបួស។ រុស្ស៊ីបញ្ជាក់ទៀតថាក្នុងថ្ងៃដែលអ៊ុយក្រែនវាយប្រហារមានមនុស្សប្រមាណសរុបជាង ១០០នាក់កំពុងប្រមូលផ្តុំគ្នានៅសណ្ឋាគារនៅយប់នៃការវាយប្រហារ។
ក្រសួងការបរទេសរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថាបានអនុវត្ត "ការវាយប្រហារភេរវកម្ម" និងអំពាវនាវឱ្យអង្គការអន្តរជាតិថ្កោលទោសអ៊ុយក្រែន ហើយបានព្រមានទៀតថាអ៊ុយក្រែននឹងត្រូវបង់ការខូចខាតនូវអ្វីដែលខ្លួនបានធ្វើ៕