ភ្នំពេញ៖ សម្តេច ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី៣០ ធ្នូ បានសម្រេចផ្តល់អង្ករ ៦០តោន, ទឹកសុទ្ធ ១ពាន់កេស និងភេសជ្ជៈ ១ពាន់កេស ដល់រដ្ឋបាលខេត្តជាប់ព្រំដែនចំនួន៣ ព្រមទាំងផ្តល់ភួយចំនួន ១២.៥០០ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តចំនួន៧ សម្រាប់ជួយដល់ប្រជាជនភៀសសឹក និងប្រើប្រាស់តាមការចាំបាច់។
សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អង្ករ ទឹកបរិសុទ្ធ និងភេសជ្ជៈ ជូនរដ្ឋបាលខេត្តជាប់ព្រំដែនចំនួន៣ សម្រាប់ប្រើប្រាស់តាមការចាំបាច់ ក្នុងនោះរដ្ឋបាលខេត្តឧត្តរមានជ័យ ទទួលបាន (អង្ករ ២០តោន, ទឹកបរិសុទ្ធ និងភេសជ្ជៈ ៨០០កេស), ខេត្តបន្ទាយមានជ័យ ទទួលបាន (អង្ករ ២០តោន, ទឹកបរិសុទ្ធ និងភេសជ្ជៈ ៦០០កេស), និងខេត្តព្រះវិហារ ទទួលបាន (អង្ករ ២០តោន, ទឹកបរិសុទ្ធ និងភេសជ្ជៈ ៦០០កេស)។
ជាមួយគ្នានេះ សម្តេច ក៏បានសម្រេចផ្តល់ភួយសរុបចំនួន ១២.៥០០ភួយ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តចំនួន៧ សម្រាប់ប្រតិបត្តិការមនុស្សធម៌ចែកជូនប្រជាជនភៀសសឹក ក្នុងនោះសាខាខេត្តបន្ទាយមានជ័យ ទទួលបាន ៣.០០០ភួយ, ខេត្តសៀមរាប ទទួលបាន ៣.០០០ភួយ, ខេត្តឧត្តរមានជ័យ ទទួលបាន ២.០០០ភួយ, ខេត្តបាត់ដំបង ទទួលបាន ២.០០០ភួយ, ខេត្តព្រះវិហារ ទទួលបាន ១.៥០០ភួយ, ខេត្តពោធិ៍សាត់ ទទួលបាន ៥០០ភួយ និងខេត្តកោះកុង ទទួលបាន ៥០០ភួយ។
សូមរំលឹកថា កាលពីពេលកន្លងទៅថ្មីៗនេះ សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ២១ម៉ឺនដុល្លារអាម៉េរិក ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ទិញកៅស៊ូតង់ សង់ជម្រកជូនប្រជាជនភៀសសឹក និងបានផ្ដល់អង្ករ ទឹកបរិសុទ្ធ និងភេសជ្ជៈ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តចំនួន៦ គឺ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ដែលសាខានីមួយៗ ទទួលបានអង្ករ ២០តោន, ទឹកបរិសុទ្ធ និងភេសជ្ជៈ ៤០០កេស៕